ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តទំនើបVIOSបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើប Toyota Vios ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងដែរមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Toyota Vios ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-1120 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន០២កង់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មកគេឃើញបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានបើកទ្វារចេញមកក្រៅទាំងស្ថានភាពស្រវឹងស្រា នេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬមនុស្សណាម្នាក់ ។

       ក្រោយមក តៃកុងរថយន្តបង្កបានជិះម៉ូតូជាមួយអ្នកផ្សេងចាកចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តបង្កឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖