ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានយកកាំបិតប៉័ងតោកាប់លើនគរបាលម្នាក់ ខណ:កំពុងយាមការពារសន្តិសុខក្នុងផ្សារសៀមរាប តែមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានតែម្ដង។ ករណីនេះបានកើតឡើងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៧និង២០នាទី ចំណុចនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ សុផាន់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ នគរបាល។
ចំណែកជនសង្ស័យឈ្មោះ ភិន សុផាន់ណេត ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មករ មិនពិតប្រាកដ(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន៖កាំបិត បុ័ងតោផ្លែដែក ដងជ័រ (បាក់ដង)។
ប្រភពដដែលបន្តថា នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូម៉ាក Suzuki Smash C110 ពណ៌ខ្មៅ ពុំចាំស៊េរី ពាក់ស្លាកលេខ នគរបាល 1-1823 ជាម៉ូតូរបស់អង្គភាព ដើម្បីទៅការពារសន្តិសុខសុវត្ថិភាពនៅផ្សារសៀមរាបថ្មី ស្ថិតនៅភូមិ ចំបក់ ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល លុះមកដល់វេលាម៉ោង ០៧និង២០នាទី ខណ:កំពុងអង្គុយយាម ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ភិន សុផាន់ណេត ភេទ ប្រុស អាយុ២៣ឆ្នាំរស់នៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង បានខឹងសម្បារមកលើជនរងគ្រោះដោយសារបានលឺថា ជនរងគ្រោះដើរនិយាយបង្ខូចមើលងាយខ្លួន ក៏បានយកកាំបិតបុ័ងតោ ផ្លែដែក ដងជ័រ ពណ៌ខៀវ កាប់មកលើជនរងគ្រោះដែលនៅយាមសន្តិសុខសុវត្ថិភាពនៅផ្សារសៀមរាបថ្មីនោះ តែមិនបណ្ដាលឱ្យមានរបួសទេ ដោយសារជនសង្ស័យកាប់ខុស បន្ទាប់ជនសង្ស័យក៏បានរត់គេចខ្លួន លុះដល់វេលាម៉ោង ១២និង០០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ