ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកឡំប្រឺតាប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យអ្នកបើកឡំប្រឺតានិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IM-0241 (ដឹកបុរសម្នាក់ទៀតជាភ្ញៀវអង្គុយពីក្រោយ) ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាផងបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C-9929 បើកស្របទិសគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុកឡំប្រឺតាពីក្រោយប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យអ្នកបើកឡំប្រឺតានិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖