ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើចេញពីខេត្តស្ទឹងត្រែងផ្ទុះកង់ក្រឡាប់នៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងមួយគ្រឿងផ្ទុះកង់ក្រោយខាងស្ដាំហើយក៏រេចង្កូតក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៧A បោកផ្ទប់ទៅនឹងចិញ្ចើមផ្លូវថ្នល់ក្រឡាប់ចេញសុទ្ធតែឈើ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរីខេត្ត ខេត្តក្រចេះ។

   សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះបើកបរក្នុងទិសដៅពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ។ ពេលមក ដល់ចំណុចកើតហេតុទំនងជាផ្ទុះកង់ បណ្ដាលឲ្យរេចង្កូតក្រឡាប់តែម្តង អ្នកជិះក្នុងរថយន្តមិនទទួលរងគ្រោះថ្នាក់នោះទេ។

  ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកចិត្របុរី បានស្ទូចយករថយន្ត  ដែលក្រឡាប់ និងយករថយន្តសាំយ៉ុងមួយផ្សេងទៀត មកដឹកជញ្ជូនឈើចេញពីកន្លែងកើតហេតុ ទៅរក្សាទុក នៅអធិការស្រុកចិត្របុរី។

គេសង្កេតឃើញថា មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឡើយ។ គេសង្ស័យថាសមត្ថកិច្ចជំនាញទាំងនោះ បានផលប្រយោជន៍ពីក្រុមឈ្មួញអស់ហើយ ទើបមិនមានការបង្ក្រាប៕

ដោយ៖ សូរិយា


ចែករំលែក៖