ខ្សែប្រយុទ្ធ Robert Lewandowski នឹងបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ក្លិប Barcelona នៅចុងសប្តាហ៍នេះ បន្ទាប់ពីក្លិប Bayern Munich បានទទួលយកការផ្តល់ជូនដែលមានតម្លៃរហូតដល់៥០លានអឺរ៉ូ (៤២.៥លានផោន) សម្រាប់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ។
កាលពីថ្ងៃសៅរ៍គេបានឃើញភាពជោគជ័យមួយក្នុងការចរចា ដោយពេលនេះ Bayern Munich បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធឆ្នើមរូបនេះចាកចេញក្នុងតម្លៃ៥០លានអឺរ៉ូ។ Lewandowski បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barcelona រហូតដល់ខែកុម្ភៈ ហើយទីបំផុតនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំនៅចុងសប្តាហ៍។
ប្រធានក្លិប Bayern Munich លោក Herbert Hainer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “យើងបានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ Barcelona។ វាជាការល្អដែលមានភាពច្បាស់លាស់សម្រាប់គ្រប់ភាគី។ Lewandowski គឺជាកីឡាករដែលមិនគួរឱ្យជឿ ហើយគាត់បានឈ្នះអ្វីគ្រប់យ៉ាងជាមួយយើង។ យើងមានអំណរគុណយ៉ាងខ្លាំងចំពោះគាត់”។
កីឡាករសញ្ជាតិប៉ូឡូញរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Chelsea និង Paris Saint-Germain បន្ទាប់ពីបានបញ្ជាក់យ៉ាងច្បាស់ពីបំណងប្រាថ្នារបស់គាត់ក្នុងការផ្ទេរពីម្ចាស់ជើងឯក Bundesliga ជាមួយនឹងកិច្ចសន្យារបស់គាត់នៅសល់មួយឆ្នាំទៀត។ Lewandowski មិនចង់ពិភាក្សាអំពីការផ្ទេរដ៏មានសក្តានុពលទៅកាន់ក្លិបផ្សេងទៀតទេ ហើយឥឡូវនេះហាក់ដូចជាទទួលបានការផ្លាស់ប្តូរដែលគាត់ចង់បានទៅកាន់ Camp Nou ។
ការមកដល់របស់ Lewandowski នឹងបន្ថែមទៅលើការជ្រើសរើសកីឡាករឆ្នើមៗនៅរដូវក្តៅសម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Xavi បើទោះបីជាពួកគេបានរាយការណ៍ពីបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ខ្សែបម្រើស្លាបប្រេស៊ីល Raphinha បានបញ្ចប់ការផ្ទេរក្នុងតម្លៃ៥៨លានអឺរ៉ូពី Leeds កាលពីថ្ងៃសុក្រ ដោយចូលរួមជាមួយ Franck Kessié និង Andreas Christensen ដែលផុតកុងត្រានៅ AC Milan និង Chelsea។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lewandowski ដោយបានមកដល់ទីក្រុង Munich បន្ទាប់ពីចេញពីក្លិប Borussia Dortmund ក្នុងឆ្នាំ២០១៤ បានស៊ុតបញ្ចូលទី២៣៨គ្រាប់ ក្នុង២៥៣ប្រកួត។ គាត់បានជួយឲ្យ Bayern Munich ឈ្នះពានរង្វាន់លីគចំនួន៨ និងពានរង្វាន់ Champions League ១ដង ហើយបានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទី Bundesliga ក្នុងឆ្នាំ២០២០–២០២១ ដោយរកបាន៤១គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ theguardian.com)