ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនចង់វាយដណ្តើមតំបន់គ្រីមៀមកវិញដោយប្រើអាវុធអាមេរិក

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងកៀវបានចាត់ទុកតំបន់គ្រីមៀគឺជាទីតាំងយោធា និងជាគោលដៅវាយប្រហារស្របច្បាប់ដោយអាវុធដែលបានផ្តល់ជូនដោយប្រទេសលោកខាងលិច ។
អ្នកនាំពាក្យនាយកដ្ឋានចារកិច្ចរបស់ក្រសួងការពារជាតិអ៊ុយក្រែន លោក Vadim Skibitskiy បានប្រកាសថា ទីក្រុងកៀវ ចាត់ទុកតំបន់គ្រីមៀជាទីតាំងយោធាសំខាន់ និងជាចំណុចកណ្តាលសម្រាប់ការដឹកជញ្ជូនអាវុធរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះហើយគឺជាគោលដៅវាយប្រហារស្របច្បាប់របស់អ៊ុយក្រែន ដោយប្រើប្រាស់អាវុធដែលផ្តល់ជូនពីលោកខាងលិច។
លោក Vadim Skibitskiy បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើប្រាស់កាំជ្រួចមីស៊ីលប្រភេទ М142 HIMARS និង M270 MLRS ផលិតដោយអាមេរិក សម្រាប់វាយប្រហារទៅលើតំបន់គ្រីមៀ។
លោក Skibitskiy បានបញ្ជាក់ទៀតថា ឧបទ្វីបគ្រីមៀ ក្លាយទៅជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនអាវុធរបស់កម្លាំងទាហានរុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន ។ អាវុធត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមៀ រួចបញ្ជូនទៅកាន់សមរភូមិក្នុងសង្គ្រាមអ៊ុយក្រែន។
កាំជ្រួចមីស៊ីល М142 និង M270 បំពាក់នៅលើរថយន្តដែលអាចបាញ់បាន១២គ្រាប់ ទំហំ២៧៧មិល្លីម៉ែត្រអាចកម្ទេចគោលដៅបានយ៉ាងល្អបំផុត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty Images


ចែករំលែក៖