ខ្សែប្រយុទ្ធ Cristiano Ronaldo បានច្រានចោលឱកាសចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីតដែលមិនបានបង្ហាញឈ្មោះនោះទេ។ Ronaldo ដែលថ្មីៗនេះបានបង្ហាញពីចេតនាចង់ចាកចេញពី Manchester United នោះ ត្រូវបានគេផ្តល់ប្រាក់ឈ្នួល២៥០លានផោនក្នុងរយៈពេល២រដូវកាលខាងមុខ ដើម្បីផ្លាស់ទៅលេងនៅក្លិបមជ្ឈឹមបូព៌ា ហើយក្លិបក៏បានដាក់សំណើដេញថ្លៃ២៥លានផោនទៅ Man United ។
Ronaldo នឹងច្រានចោលឱកាសក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ដើម្បីព្យាយាម និងធានាបានការផ្លាស់ប្តូរទៅកន្លែងផ្សេង។ អ្នកចាត់ការទូទៅថ្មីរបស់ Man United លោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo ស្ថិតនៅក្នុងផែនការរបស់គាត់ និងមិនមែនសម្រាប់លក់នោះទេ ដោយបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់ នៅពេលត្រូវបានសួរអំពីប្រធានក្រុមព័រទុយហ្គាល់រូបនេះ។
Ronaldo បានខកខានការប្រកួតមុនរដូវកាលក្នុងដំណើរទេសចរណរបស់ក្រុមបិសាចក្រហមនៅប្រទេសអូស្ត្រាលី ដោយសារបញ្ហាគ្រួសារ ប៉ុន្តែបានធ្វើការជាលក្ខណៈបុគ្គលដើម្បីត្រៀមរដូវកាលថ្មី និងបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមដោយស្លៀកខោខ្លីហ្វឹកហាត់របស់ក្លិប។
កីឡាករវ័យ៣៧ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថា ចង់លេងបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ គោលបំណងរបស់គាត់គឺដើម្បីប្រជែងយកពានរង្វាន់ធំៗក្នុងលីកកំពូលក្នុងអំឡុងពេលនៃអាជីពរបស់គាត់ ដែលជាអ្វីដែលគាត់មានអារម្មណ៍ថា គាត់មិនអាចធ្វើបាននៅ Man United។
ថ្វីត្បិតតែគាត់មានបំណងចង់ចាកចេញ ក៏ Ronaldo ប្រហែលជាត្រូវស្នាក់នៅក្នុងទីក្រុង Manchester ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅសល់មួយឆ្នាំទៀត។ ថ្មីៗនេះ Chelsea បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ខណៈដែលក្រុម Bayern Munich និង Atletico Madrid ត្រូវបានគេរាយការណ៍ថា នៅតែចាប់អារម្មណ៍ ប៉ុន្តែឱកាសនៃការផ្លាស់ប្តូរណាមួយហាក់ដូចជាមិនទំនងនៅពេលនេះទេ។
គួររំលឹកថា Ronaldo ស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុង៣៨ប្រកួតកាលពីរដូវកាលមុន បន្ទាប់ពីការត្រលប់មក Manchester United វិញក្រោយពីចាកចេញពីក្លិបទៅ Real Madrid ក្នុងឆ្នាំ២០០៩។ ប៉ុន្តែ United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ក្នុង Premier League ដោយខកខានមិនបានចូលលេង Champions League ដែលត្រូវបានគេជឿថាជាកត្តាជំរុញឲ្យគាត់ចង់ផ្លាស់ប្តូរនៅពេលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)