ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបុកជាមួយម៉ូតូស្គូពីកិនជាប់ពីលើបណ្ដាលឱ្យមនុស្សស្រី៣នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារីទៀតបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿងទៅបុកជាមួយម៉ូតូស្គូពីបើកដោយបុរសម្នាក់រួមដំណើរជាមួយនារី ២នាក់ទៀតពេញទំហឹងហើយកិនជាប់ពីលើបណ្ដាលឱ្យរងរបួសទាំង៣នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្ដោយផ្លូវ លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង1H-2460 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់នឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកចេញពីចិញ្ចើមផ្លូវ ហើយបានគេចមកឆ្វេងដៃក៏ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាកម៉ាស្ដាពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-4768បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរថយន្តកិនពីលើម៉ូតូជាប់ធ្វើឱ្យរងរបួសធ្ងន់ខាងភាគីម៉ូតូទាំង៣នាក់។

    ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តរួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖