ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះកង់ឆ្លងផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកនិងកិនបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះកង់ឆ្លងផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បេីកបុកនិងកិនកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

    នារីរងគ្រោះឈ្មោះ ម៉ែន ចង្រឹត អាយុ១៨ឆ្នាំ មុខរបរលក់បបរ បាយ នៅមុខរោងចក្រ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃេីញនារីរងគ្រោះជិះកង់ចេញពីផ្សារជម្ពូវ័នធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងQMI​ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្តធុនធំម៉ាកCHENLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0739 ប្រភេទក្រឡុកស៊ីម៉ងត៍ ធ្វេីដំណេីរក្នុងទិសដៅពីជើងទៅត្បូងហេីយបានជ្រុលទៅបុកនិងកិនកង់បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុភ្លាមបានចុះរត់គេចខ្លួនបាត់ទៅ។

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់និងបានទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកកង់និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖