ក្លិបយក្សនៅអាល្លឺម៉ង់ Bayern Munich បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដាថា ពួកគេបានបន្តកិច្ចសន្យារបស់ខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់ Serge Gnabry រហូតដល់ឆ្នាំ២០២៦ដែលជាព័ត៌មានយ៉ាងជិតស្និទ្ធបន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងលក់ Robert Lewandowski ទៅ Barcelona ។
Bayern Munich បានប្រកាសពីការវិវឌ្ឍន៍ចំនួន២ជាប់ៗគ្នានៅពេលក្លិបនេះបានបង្ហាញក្រុមរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនៅកីឡដ្ឋានAllianz Arena។ ដូច Lewandowski ដែរ អនាគតរបស់ Gnabry នៅ Bayern Munich ហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិល ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅភាគីទាំងពីរបានប្រកាសថា ពួកគេសប្បាយចិត្តយ៉ាងណាជាមួយនឹងកិច្ចព្រមព្រៀងនេះ។
Gnabry ដែលបានជួយក្រុមឈ្នះជើងឯក Bundesliga ៤ដង ក៏ដូចជា Champions League ផងដែរបាននិយាយថា “ខ្ញុំបានគិតច្រើនអំពីអ្វីដែលខ្ញុំចង់បានក្នុងនាមជាកីឡាករក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយបានសន្និដ្ឋានថា ខ្ញុំចង់បន្តនៅ Bayern Munich ឈ្នះគ្រប់យ៉ាងម្តងទៀត។ ការប្រកួត World Club Cup និង German Cup នៅ Bayern Munich ។
ភ្លាមៗបន្ទាប់ពីជូនពរ Lewandowski ឱ្យទទួលបានសំណាងល្អនៅ Barcelona ប្រធានក្លិបលោក Herbert Hainer បានស្វាគមន៍កិច្ចព្រមព្រៀងថ្មីរបស់ Gnabry ផងដែរ។
លោក Hainer បានប្រាប់គេហទំព័ររបស់ក្លិប Bayern Munich ថា “វាជាសញ្ញាដ៏រឹងមាំមួយទៀតដែលកីឡាករដូចជា Serge Gnabry មើលឃើញអនាគតរបស់គាត់នៅ Bayern Munich។ ជាមួយគាត់ Sadio Mane, Thomas Mueller, Kingsley Coman, Leroy Sane និង Jamal Musiala ក្លិប Bayern Munich មានជម្រើសដ៏ល្អនៅខាងមុខ”។
ដូច Lewandowski ដែរ កីឡាករ Gnabry នៅសល់មួយរដូវកាលទៀតលើកិច្ចសន្យារបស់គាត់។ ប៉ុន្តែនៅទីបំផុតភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសន្យាថ្មីដែលនឹងអនុញ្ញាតឱ្យម្ចាស់ជើងឯកអាឡឺម៉ង់បន្តរក្សាខ្សែបម្រើស្លាបសំខាន់ទាំងពីររបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលកីឡាករអន្តរជាតិបារាំង Kingsley Coman ក៏បានបន្តកុងត្រារបស់គាត់រហូតដល់ឆ្នាំ២០២៧នៅដើមឆ្នាំនេះ។
ក្រុម Bayern Munich នឹងចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេនៅថ្ងៃទី៣០ ខែកក្កដាខាងមុខជាមួយនឹងការប្រកួតដណ្តើមពានរង្វាន់ German Super Cup ជាមួយក្រុម RB Leipzig ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)