ខេត្តកណ្ដាល៖ រថយន្តកូរ៉េមួយគ្រឿងបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ បណ្ដាលឱ្យបុរសម្នាក់ជាអ្នកបើករថយន្តកូរ៉េរងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី នៅលើចំណុចផ្លូវ៦០ម៉ែត្រថ្មី ស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិត ប៉ូរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (រងរបួសធ្ងន់)។ ចំណែកភាគីម្ខាងទៀតឈ្មោះ ឆន ឆាំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស មុខរបរអ្នកបើករថយន្ត មានទីលំនៅខេត្តត្បូងឃ្មុំ (គេចខ្លួន) បើករថយន្តក្រឡុកស៊ីម៉ងត៍ពណ៌ស ពាក់ស្លាកលេខ AT22(5-0279)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពណ៌ស ពាក់ស្លាកលេខAT22(5-0279) បើកបរដោយឈ្មោះ ឆន ឆាំ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2306 បើកបរដោយឈ្មោះឈិត ប៉ូរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង(ទិសដៅផ្ទុយគ្នា)បានរេចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ងត៍បណ្តាលឱ្យរថយន្តកូរ៉េធ្លាក់ទៅប្រឡាយក្បែរចិញ្ចើមផ្លូវ រីឯអ្នកបើករថយន្តកូរ៉េរងរបួសធ្ងន់ ។
ក្រោយមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ចំណែករថយន្តទាំងពីរគ្រឿងខាងលើសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ៕
ដោយ៖ស្អាង ជ័យ