ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តព្រៃវែង មូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៩វត្ត ក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារជាមួយ មន្ត្រីរដ្ឋបាលខេត្ត ​នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ​ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៩វត្ត ដែលជាវត្តអត្តខាត់ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។

យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រៃវែង​ បានបញ្ជាក់ថា​ ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត ,លោក លោកស្រីអភិបាលរងខេត្ត ,លោកប្រធាន ស ស យ ក ខេត្តព្រៃវែង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំកន្លងមកផងដែរ ទៀនចំណាំព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុដែលបានប្រគេនព្រះសង្ឃមកពីវត្តចំនួន៣៩ នាពេលនេះ គឺដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មានលោកពុក សម្តេចអគ្គមហាពោធិសាលជា ស៊ីម និងអ្នកម្តាយ ញ៉ែម សឿន ជាស៊ីម និងបុព្វការីជនដែលបានអនិច្ចកម្មទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។

ជាចុងក្រោយ លោកអភិបាលខេត្ត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជារដ្ឋបាលខេត្តទាំងមូល សូមឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់លោកស្រី ញ៉ែម សាខន សខេង និងប្រតិភូអមដំណើរ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមទទួលបានមគ្គផល ផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន និងសម្រេចបាននូវប្រាជ្ញាថ្លាគំនិត តាមសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖