ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ផេកប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា, លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ។ 

សូមបញ្ជាក់ថា, លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ។ 

សេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ង​អូស ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។

  ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក​ មានស្រុកកំណេីតនៅភូមិសាវង្ស​ ឃុំតាចេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ​៣ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​ ។

 សុំបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៏មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។

  ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕

ដោយ ៖ សិលា


ចែករំលែក៖