ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែកម្ពុជារកចំណូលបាន២៨០លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក៏ដោយក៏ការនាំអង្ករចេញរបស់កម្ពុជាទៅទីផ្សារពិភពលោកនៅរក្សារកំណើនបានយ៉ាងល្អ។ បើតាមទិន្នន័យពីក្រសួងកសិកម្ម កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទបង្ហាញថារយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​មាន​ចំនួន ៣២៧ ២០០​ តោន​កើនឡើង ១៦,៦៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៨០ ៤៥០ ​តោន​។ មានន័យថា ការនាំអង្ករនៅតែមានកំណើនទៅមុខជានិច្ចទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ​មាន​ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% ​និងអង្ករចំហុយ​គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។ នៅមានឧបសគ្គមួយចំនួនក្នុងការនាំអង្ករចេញទៅក្រៅប្រទេស យ៉ាងណាក៏ដោយក្រសួងពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ជំរុញការងារនេះអោយមាន ប្រសិទ្ធភាពខ្ពស់បំផុត។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ​សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ​សរុប​ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅ​ប្រទេសចិនមានបរិមាណ​សរុបចំនួន ១៦៨ ២៨០តោន ​កើនឡើង១៧,៤៤% ទិសដៅអាស៊ាន​ចំនួន ៤ប្រទេស ​មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។

ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញ​ស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស​វៀតណាម ​កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។

ការនាំចេញ​ស្រូវ​-​អង្ករ ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​មានទឹកប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ 

ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​៦១៧ ០៦៩ ​តោន ​ថយចុះ ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​មាន​បរិមាណ ៦៩០ ៨២៩ តោន​៕

ដោយ៖ សូរិយា


ចែករំលែក៖