ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ៣៦.៥២០ នាក់
* ខេត្តកំពត ២៨.៩៦៤ នាក់
* ខេត្តព្រះសីហនុ ២៨.៥០៤ នាក់
* ខេត្តសៀមរាប ២៧.៥៨៦ នាក់
* រាជធានីភ្នំពេញ ២០.៨១៦ នាក់
* ខេត្តកែប ១០.៥៣១ នាក់
* ខេត្តកណ្តាល ១០.២៨៦ នាក់
* ខេត្តពោធិ៍សាត់ ១០.២៨២ នាក់
តួលេខខាងលើមានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។ មូលហេតុ សំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ( ផ្លូវជាតិលេខ៥៥ )ជាដើម។
ដោយឡែកនាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សាផងដែរ៕
ដោយ៖សហការី