ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តដឹកទឹកកកម្នាក់បានស្លាប់ខណៈដែលរថយន្តរអិលកង់ថយក្រោយធ្លាក់ជង្ហុកទៅគាបនឹងដែករានសន្ទះរថយន្តមួយគ្រឿងទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាតៃកុងរថយន្តដឹកទឹកកកបានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរថយន្តរបស់គាត់រអិលថយក្រោយគាបគាត់ទៅនឹងដែករានសម្រាប់រុញទឹកកកដាក់រថយន្ត០១គ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឆាយ ប៊ុនឆាត ភេទប្រុស អាយុ៤៣ឆ្នាំ  មានលំនៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក  មុខរបរជាអ្នកស៊ីឈ្នួលបើកបររថយន្តដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមស ពាក់ស្លាកលេខ បាត់ដំបង 3A-2022 ។

នគរបាលស្រុកថ្មពួកបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះបានឈប់រថយន្តនៅត្រង់ចំណុចខាងកើតផ្ទះឈ្មោះម៉ក់ វ៉ាន់ ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក( ថៅកែទឹកកក)  ដោយឈប់រថយន្តនៅលើចិញ្ចើមផ្លូវខាងស្តាំ ហើយពេលកំពុងលើកទឹកកកដាក់លើរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភព ៣A-០១០២ ពេលនោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលជនរងគ្រោះបើកនោះបានរអិលថយក្រោយធ្លាក់ជង្ហុកបណ្តាលឱ្យគាបឈ្មោះឆាត ប៊ុនឆាយ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះសំ ណារិន ភេទប្រុសអាយុ៣៣ឆ្នាំ មានលំនៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក  ជាកម្មករលើកទឹកកកបានឱ្យដឹងថា ក្រោយពីលើកទឹកកកដាក់រថយន្ត០១គ្រឿងទៀតរួចមក ឈ្មោះ ឆាត ប៊ុន​ឆាយ ជាជនរងគ្រោះបានដើរទៅបិទសន្ទះទ្វាររថយន្តខាងក្រោយរបស់ឈ្មោះម៉ក់ ហៀង ស្របពេលនោះរថយន្តរបស់គាត់(សង្ស័យមិនបានដាក់ហ្វ្រ័ងដៃ) បានរអិលកង់ថយក្រោយធ្លាក់ជង្ហុកបណ្តាលឲ្យគាបជនរងគ្រោះ ជាប់នឹងដែករានសម្រាប់ដាក់រុញទឹកកកផ្ទប់ទៅនឹងសន្ទះក្រោយរថយន្តមួយគ្រឿងទៀតរបស់ឈ្មោះម៉ក់ ហៀង ស្លាប់ភ្លាមៗតែម្ដង។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលពិនិត្យរួច ៕

ដោយ ៖ វណ្ណា


ចែករំលែក៖