ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខនិងបុគ្គលិកបម្រើការងារក្នុងកាស៊ីណូម៉ុកបាយទាំងព្រឹក ខណៈដែលបុរសជនជាតិវៀតណាមម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៨ដោយមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២២ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាបុរសខាងលើមានឈ្មោះNGUYEN THE DIEP អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខ: C9709578 បច្ចុប្បន្នស្នាក់អគារលេខ៦ បន្ទប់លេខ៦៩២៣ ជាន់ទី៨ ក្នុងកាស៊ីណូម៉ុកបាយ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពបន្តថា សមត្ថកិច្ចនគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីឈ្មោះ អ៊ុក សុខឃាងថា មានករណីមនុស្សលោតពីលើអគារលេខ៦ ជាន់ទី៨ បន្ទប់លេខ៦៩២៣បណ្ដាលឱ្យស្លាប់ក្នុងបរិវេណកាស៊ីណូម៉ុកបាយរួចមក សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវិភាគដោយមានសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត, កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងលោកវេជ្ជបណ្ឌិត សំបូរសារឹម ភីសុភាព គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើខ្លួនសាកសព។ បើផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការស្ដាប់ចម្លើយសាក្សីឆ្លើយបំភ្លឺ អាចសន្និដ្ឋានបានថា សាកសពជនរងគ្រោះជនជាតិវៀតណាមនេះពិតជាស្លាប់ដោយសារប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនតាមរថយន្តទៅប្រគល់ជូននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្រ្ត រក្សាទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីបន្តតាមច្បាប់៕
ដោយ៖យឹម សុថាន