ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវទៅតំបន់រមនីយដ្ឋានទឹកធ្លាក់ថ្មក្រាលនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋនៅឃុំជៀប ប៉ែកខាងលើក្បែរតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មិនអាចធ្វើដំណើរទៅមកបាននោះទេ ខណៈដែលជំនន់ទឹកភ្លៀង បានហូរកាត់ផ្តាច់ផ្លូវប្រមាណជា១០០ម៉ែត្រ ស្ថិតនៅចំណុចទំនប់ចាក់ទឹម  ដែលជាខ្នងទំនប់ និង ជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

  បើយោងតាមការបញ្ជាក់របស់អាជ្ញាធរស្រុកទឹកផុសបានប្រាប់នៅរសៀលនេះថា ជំនន់ទឹកភ្លៀង បានបង្ករឱ្យរងផលប៉ះពាល់ និង បង្កការខូចខាតផ្លូវខ្នងទំនប់ជាច្រើនកន្លែង ដូចជា  ចំណុចទំនប់ចាក់ទឹម មានប្រវែងប្រមាណ១០០ម៉ែត្រ ជម្រៅប្រមាណ១០ម៉ែត្រ ,ចំណុចស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង ១៥ម៉ែត្រ មានជម្រៅ៣.៥ម៉ែត្រ , ទំនប់ដូនពៅ ខូចខាតភ្លឺប្រឡាយជាង១៥០ម៉ែត្រ ដែលមានទទឹងចាប់ពីកន្លះម៉ែត្រ ដល់២ម៉ែត្រ ។ 

អាជ្ញាធរស្រុកទឹកផុសបានឱ្យដឹងទៀតថា ក្រោយពេលបាក់ទំនប់ចាក់ទឹម ធ្វើឱ្យទឹកក្នុងបឹងចាក់ទឹម បានហូរចេញពីក្នុងបឹងស្ទើអស់ ហើយទឹកទាំងនោះបាន ហូរចុះ តាមអូរ តាមប្រឡាយ និងបែកវាល ចុះមកក្រោម ។ ករណីនេះដែរ  អាជ្ញាធរស្រុក បានជូនដំណឹងទៅតំបន់ផ្នែកខាងក្រោម ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ពិសេសនៅឃុំចោងម៉ោង និង ឃុំតាំងក្រសាំងជាដើម ដែលមានទំនប់ នឹងទ្វារទឹក   

អាជ្ញាធរស្រុកទឹកផុសបានឱ្យដឹងទៀតថា ប្រសិនបើភ្លៀងនៅតែបន្តនោះ ផលប៉ះពាល់នឹងអាចមានច្រើន ហើយនៅពេលនេះទឹកដែលធ្លាក់ពីផ្នែកខាងលើនៃភ្នំ នៅតែបន្តហូរចុះមកខ្លាំងដដែល ។ អាជ្ញាធរកំពុងតែរកវិធីដើម្បីដាក់ឱ្យប្រជាពលរដ្ឋបានឆ្លងទៅមកជាបណ្តោះអាសន្នសិន ។ ជំនន់ទឹកភ្លៀងដ៏ខ្លាំងនេះបានរងផលប៉ះពាល់មួយផ្នែករបស់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែមកដល់ពេលនេះ ពុំទាន់មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនិង សត្វនោះទេ  ហើយអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នផងដែរ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖