ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេឈ្មួញចាស់វស្សា៣ទៅ៤នាក់ កំពុងសម្រុកដឹកជញ្ជូនឈើល្មើសច្បាប់ តាមទូកចុះទៅខេត្តក្រចេះខណៈទឹកកំពុងឡើង បែរជាសមត្ថកិច្ចនិងមន្ត្រីជំនាញធ្វើមិនដឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមឈ្មួញចាស់វស្សា៣ទៅ៤នាក់ប្រចាំភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកំពុងបន្តប្រមូលកៀរគរប្រជាពលរដ្ឋចូលព្រៃកាប់ឈើអារហើយដឹកជញ្ជូនតាមគោយន្តកន្រ្តៃយកមកលក់ឱ្យក្រុមមេឈ្មួញដែលឈរចាំទិញឈើ ដូចជាឈើប្រណីត ឈើលេខ១ និងឈើលេខ២ ប្រភេទក្តារនិងគ្រឿងផ្ទដាក់ទូករាល់យប់ចុះតាមទន្លេមេគង្គឆ្ពោះទៅភូមិកោះខ្ញែ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីដឹកបន្តយកទៅលក់នៅតាមខេត្តនានា។

   សូមបញ្ជាក់ថា: បទល្មើសដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យដែលពលរដ្ឋដឹកយកមកទុកតាមផ្ទះ ដល់ពេលយប់ទើបមេឈ្មួញឱ្យដឹកចុះតាមកំពង់ដែលមានក្រុមឈ្មួញទូកចតរង់ចាំជាស្រេច ដូចជានៅកំពង់ក្រោមវត្ត១ នៅក្រោមអូរសៀមបូក១ និងអូរឡង់១ ស្ថិតនៅក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅជាប់ព្រំប្រទល់ជាមួយស្រុកសំបូរ ខេត្តក្រចេះ បែរជាសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការនោះទេ ហើយក៏នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឃុំសៀមបូកនិងស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់សៀមបូកផងដែរ ដែលនេះប្រហែលជាសមត្ថកិច្ចទាំងនោះត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញទាំងនោះអស់ហើយទើបមិនរវល់បង្ក្រាប។

   បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋ រស់នៅទីនោះបានឱ្យដឹងថា មានមេខ្លោងឈ្មួញឈើនៅតំបន់នោះគ្រាក់ៗដែលគេស្គាល់ឈ្មោះដូចជា ១-ឈ្មោះវុធ ២-ឈ្មោះឈឹម ៣-ឈ្មោះរិទ្ធិ និង៤-ឈ្មោះសៀង ឡាន ហើយក្រៅពីមេឈ្មួញចាស់វស្សាទាំង៤នាក់នេះក៏មានឈ្មួញខ្មែរអ៊ិស្លាមជាច្រើននាក់ទៀតផងដែលមកពីខេត្តក្រចេះនាំគ្នាមកប្រមូលទិញឈើពីអ្នកភូមិរស់នៅអូរឡង់ ឃុំសៀមបូក ដាក់ទូកចុះយកទៅលក់នៅខេត្តក្រចេះយ៉ាងរលូនផងដែរ ព្រោះគេបានពឹងពាក់ឈ្មោះតាវុធ ជាអ្នករត់ការដល់សមត្តកិច្ច មន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋានទើបដំណើរការបាន។

    ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលរសៀលឬព្រលប់ទូកក្រុមឈ្មួញទាំងនោះមកពីខេត្តក្រចេះជាច្រើនគ្រឿង ទាំងតូច ទាំងធំ មកឈប់ចតតាមគោលដៅនៅក្បែរមាត់ច្រាំងទន្លេរួចជាស្រេច រង់ចាំទទួលយកឈើពីអ្នកភូមិដែលដឹកចេញពីព្រៃឡង់មកឈប់តាមផ្ទះ។ ចំណែកមេឈ្មួញធំៗគឺគេជាអ្នកចាត់ចែង ត្រៀមប្រមូលឈើនៅលើគោយន្តទាំងនោះ រហូតដល់មេឃចាប់ផ្ដើមងងឹត ទើបមេឈ្មួញទាំងនោះចាប់ផ្ដើមបញ្ជាឱ្យគោយន្តដឹកឈើទៅទម្លាក់នៅតាមគោលដៅដែលទូកឈប់ចតរង់ចាំនៅកន្លែងលើករៀងៗខ្លួន។ ចំណែកសមត្ថកិច្ច មន្ត្រីជំនាញសម្ងំដេកធ្វើមិនដឹងមិនឮអ្វីទាំងអស់ ព្រោះតែត្រូវថ្នាំសណ្តំរបស់ក្រុមឈ្មួញរកស៉ីល្មើសច្បាប់អស់ហើយ។

   តាមប្រភពពីកម្មករលើកឈើចុះទូកឱ្យមេឈ្មួញធ្លាប់និយាយឮដល់ពលរដ្ឋថា ក្នុងទូកមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ ម៉ែត្រគូប ក៏ប៉ុន្តែបើទូកធំអាចផ្ទុកបានពី១៥ ទៅ២០ម៉ែត្រគូប។ បើនិយាយពីតម្លៃវិញ គឺឈើក្តារកកោះទិញនៅអូរឡង់សៀមបូកខេត្តស្ទឹងត្រែងក្នុងមួយម៉ែត្រគូបតម្លៃ១លាន៨០ម៉ឺនរៀល។ ពេលទៅដល់កោះខ្ញែនិងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះគេលក់បានតម្លៃចាប់ពី៦០០ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រគូប ប៉ុន្តែបើដល់ខេត្តកំពង់ចាមនិងខេត្តព្រៃវែងក្នុង១ម៉ែត្រគូបតម្លៃជាង១ពាន់ដុល្លារឯណោះ។

    មេឈ្មួញនៅតំបន់នោះក៏ធ្លាប់បានបោះពាក្យសម្តីថា គេមិនខ្លាចសមត្ថកិច្ចណាទាំងអស់ ព្រោះគេរត់ការបង់លុយ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត រួចរាល់អស់ហើយ ហើយគេលើកឡើងទៀតថា បើមិនបង់លុយឱ្យទេស្មានតែគេដឹកឈើចេញបានឬ? សូម្បីតែឈើ១កន្ទុយក៏ចេញមិនរួចដែរ បើចង់ដឹងដាក់មើលទៅ គេថា គេខ្លាចតែអ្នកសារព័ត៌មានចុះផ្សាយប៉ុណ្ណោះទេ។

    ចំណែកប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ពិតជាមានការលំបាកណាស់ក្នុងពេលចុះទៅបង្ក្រាបម្ដងៗ ព្រោះឈ្មួញរកស៊ីឈើទាំងនោះហាក់បីដូចជាដឹងខ្លួនមុន ជាពិសេសនៅឆ្ងាយលំបាក ធ្វើឱ្យក្រុមឈ្មួញងាយស្រួលធ្វើសកម្មភាព ហើយក៏លំបាកក្នុងការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ព្រោះគេធ្វើសកម្មភាពលើកឈើ ដឹកឈើចេញពីដែនសមត្ថកិច្ចរបស់គេ មានប៉ុស្តិ៍ មានស្នាក់ការនៅទីនោះ គេមិនអើពើផង ដែលរឿងនេះលោកក៏អត់យល់ដែរ។ មន្ត្រីជំនាញដដែលដែលមានឆន្ទៈបានលើកឡើងទៀតថា: បើចង់បង្រ្កាបឈើនៅតំបន់ព្រំប្រទល់ដាច់ស្រយាល រវាងស្រុកសៀមបូក ខេត្តស្ទឹងត្រែង នឹងស្រុកសំបូរ ខេត្តក្រចេះនោះបានលុះត្រាតែ មានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅទីនោះទើបទៅរួច៕

ដោយ៖ មាស សុផាត


ចែករំលែក៖