ព័ត៌មានទាន់ហេតុការណ៍៖

មេឈ្មួញបំផ្លាញផលអនុផលព្រៃឈើដុះស្លែ ប្រចាំខេត្តកំពង់ធំ ឈ្មោះ ទៀប ធួក ត្រូវសមត្ថកិច្ចចម្រុះធ្វើការស្ទាក់ចាប់រថយន្ត និង ចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និង ជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តដឹកផលព្រៃឈើខុសច្បាប់ មេឈ្មួញបំផ្លាញផលអនុផលព្រៃឈើ យ៉ាងសកម្ម ឈ្មោះទៀប ធួក(ហៅធួក) ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

     កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវអស់ជាច្រើនខែ រហូតឈានមកដល់ការឃាត់ខ្លួន រួមទាំងវត្ថុតាងមានរថយន្តកូរ៉េ ផ្ទុកទៅដោយប្រភេទឈើព្រៃជាច្រើនម៉ែត្រគូបផងដែរ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិព្រៃតាហ៊ូ  សង្កាត់ព្រៃតាហ៊ូ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

     ប្រភពដដែលបានបន្តទៀតថា ឈ្មួញខាងលើនេះ  កន្លងមកសមត្ថកិច្ចបានធ្វើការអប់រំជាច្រើនលើកច្រើនសារ  រួមទាំងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំទៀតផង តែជនខាងលើនេះពុំមានការរាងចាលឡើយ ហើយបានបង្កភាពចលាចលក្នុងបណ្តាញសង្គម និង តាមទីសាធារណៈទៀតផង ។

     សមត្ថកិច្ចជំនាញបានបង្ហើបថា កន្លងមក ជនល្មើសខាងលើនេះបានធ្លាប់ធ្វើសកម្មភាព គំរាមកំហែងសមត្ថកិច្ច គំរាមយកសាំងដុតរថយន្ត និងយកសាំងដុតខ្លួនឯង ជាហូហែរ ឱ្យតែសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តដឹកផលអនុផលព្រៃឈើនោះ « តើមានច្បាប់អនុញ្ញាត ឬក៏គ្មានច្បាប់» ។ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថាជនសង្ស័យខាងលើនេះ មានរថយន្តធុនធំ សំរាប់ជាមធ្យោបាយដឹកផលព្រៃឈើជាច្រើនគ្រឿង និងរថយន្តសម្រាប់ធ្វើការរារាំងសមត្ថកិច្ចផងដែរ។

     ក្នុងនោះដែរយោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២)ទៅ បី(៣)ដង  នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។ មាត្រា ៩៧- ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពីប្រាំ (៥)ឆ្នាំ ទៅដប់ (១០)ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូតកិច្ចព្រម ព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងកំទេចចោលវត្ថុតាងក្លែង ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស ។ 

និងមាត្រា៩៨- ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ២ ដែលត្រូវជាប់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០) រៀល ទៅមួយរយលាន (១០០.០០០.០០០)រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស។

     លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា លោកផ្តាំផ្ញើប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីព្រៃឈើ និងឈប់ប្រព្រឹត្តិបទល្មើសព្រៃឈើ និងការកាប់រានដីព្រៃ របស់រដ្ឋ។ ម៉្យាងវិញទៀតចំពោះ ឈ្មោះទៀប ធួក នោះ កន្លងមកមានការប្រព្រឹត្តិបទល្មើស ដុតបំផ្លាញវត្ថុតាងផងដែរ។

ទន្ទឹមនឹងនោះដែរ អាវុធហត្ថខេត្តកំពង់ធំបានបញ្ជាក់ប្រាប់ថា នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យ ឈ្មោះ ទៀប ធួក (ហៅធួក) បានឆ្លើយសារភាពថាការដឹកជញ្ជូនផលអនុផលព្រៃឈើនេះគឺ គ្មានច្បាប់ទេ។

បច្ចុប្បន្នសមត្ថកិច្ចចម្រុះបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទៀប ធួក និងវត្ថុតាងមួយចំនួនមកកាន់អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប  ដើម្បីវាស់វែង កសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំចាត់ការតាមនីតិវិធីច្បាប់ ។

       ដោយឡែកប្រជាពលរដ្ឋដែលស្រលាញ់វិស័យព្រៃឈើ សូមសំណូមពរ ជំនាញមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សូមមេត្តាដាក់ទោសជនទាំងឡាយណាបំផ្លាញធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើរបស់រដ្ឋ ឱ្យសាកសមនិងទង្វើដែលបានប្រព្រឹត្ត ផងនោះ ៕

ដោយ៖ សហការី(កំពង់ធំ)


ចែករំលែក៖