ខេត្តឧត្តរមានជ័យ៖ ស្ថានភាពកម្រិតកម្ពស់ទំនប់អាងស្តុកទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ កម្រិតកម្ពស់ទឹកបានហក់ឡើងបន្ថែមទៀតបន្តិចមានកម្រិតកម្ពស់ទឹក ៣,៣៧ម៉ែត្រ បើធៀបទៅថ្ងៃម្សិលមិញកម្រិតកម្ពស់ទឹកស្រកនៅត្រឹម ៣.៣៥ម៉ែត្រ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានឲ្យដឹងថា ករណីអាកាសធាតុ បើភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើនៃតំបន់ជួរភ្នំដងរែក វានឹងអាចបណ្តាលឲ្យបឹងទឹកតាម៉ុកទទួលបានប្រភពទឹកពេញប្រៀបអាងស្តុកបាន ដោយសារតែប្រភពទឹកភ្លៀងបានធ្លាក់មកពីផ្នែកខាងលើភ្នំ។
ពាក់ព័ន្ធករណីនេះ លោកអភិបាលស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”យ៉ាងដូច្នេះថា, ស្ថានភាពកម្រិតកម្ពស់ទំនប់អាងស្តុកទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២១ ពិតជាបានហក់ឡើងមែន ប៉ុន្តែមិនទាន់ដល់កម្រិតដែលត្រូវប្រកាសអាសន្ននៅឡើយទេ។ លោកបន្តថា, ជាតិធម្មតាកម្រិតទឹកដែលត្រូវប្រកាសអាសន្នគឺមានកម្ពស់ ៣,៨០ម៉ែត្រ, ដូច្នេះយើងនៅគ្រប់គ្រងស្ថានការណ៍បានឡើយ។
លោកអភិបាលស្រុកអន្លង់វែងបានបញ្ជាក់ទៀតថា, ប្រសិនបើទឹកនៅតែបន្តហក់កើនឡើង លើសដល់កម្រិតដែលត្រូវប្រកាសអាសន្ន នោះ ជាក្តីព្រួយបារម្ភមួយផងដែរ ដែលនឹងអាចធ្វើឱ្យជន់លិចទឹកប៉ះពាល់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន ៣ ឃុំក្នុងស្រុកអន្លង់វែង៕
ដោយ ៖ សិលា