ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានចាត់ថ្នាក់កម្ពុជាស្ថិតនៅក្នុងកម្រិតទាបសកម្មភាពលុបបំបាត់ការជួញដូរមនុស្ស។ នេះជាការលើកឡើងរបស់លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះរបាយការណ៍ក្រសួងការបរទេសអាមេរិក ដែលចាត់ថ្នាក់កម្ពុជា ស្ថិតក្នុងកម្រិតទាប ក្នុងសកម្មភាពលុបបំបាត់ការជួញដូរមនុស្ស។ ករណីនេះសម្រាប់កម្ពុជា គឺពិតជាពិបាកទទួលណាស់ចំពោះរបាយការណ៍នេះ ខណៈដែលកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងការពារជនរងគ្រោះ។ ការខិតខំរបស់រាជរដ្ឋាភិបាលគួរតែទទួលបាននូវការតបស្នងជាវិជ្ជមានច្រើនជាងនេះ។
របាយការណ៍ជួញដូរមនុស្សនៅកម្ពុជាឆ្នាំ២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ដោយក្រសួងការបរទេសអាមេរិក បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្ដង់ដាអប្បបរមារក្នុងការប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សឡើយ។ របាយការណ៍នេះបានចោទថា កម្ពុជាកំពុងដើរថយក្នុងការលុបបំបាត់ការជួញដូរមនុស្ស ដោយសារអំពើពុករលួយជាប្រព័ន្ធ ដែលបណ្ដោយឲ្យជនល្មើសអាចរត់គេចខ្លួន ហើយជនរងគ្រោះមិនបានទទួលការការពារ។
ក្រោយពេលរបាយការណ៍នេះចេញ លោកស្រីជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ជារឿងគួរឲ្យសោកស្ដាយ និងខកចិត្ត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកជំទាវសង្កត់ធ្ងន់ថា គោលការណ៍នានា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញយ៉ាងហ្មត់ចត់ និងគ្រប់ពេលវេលា សូម្បីអំឡុងវិបត្តិកូវីបត្តិកូវីដ១៩ ក៏រាជរដ្ឋាភិបាលក៏មិនបានបន្ធួរដៃក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឡើយ។
បន្ថែមពីនេះលោកស្រីថា រឿងដែលគួរឲ្យងឿងឆ្ងល់ និងពិបាកយល់ នៅត្រង់ថា កម្ពុជា អាមេរិក មានការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និត ហើយកម្ពុជាបានទទួលឲ្យអ្នកជំនាញខាងស៊ើបអង្កេតរបស់អាមេរិកដាក់ស្នាក់ការនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើសកម្មភាពលើការប្រឆាំងអំពើជួញដូរមនុស្សនេះ។ លោកជំទាវថា នៅពេលដែលជួបគ្នានៅគ្រានោះ ភាគីអាមេរិកគ្មានការលើកពីកង្វះខាតរបស់កម្ពុជានោះទេ ប៉ុន្ដែផ្ទុយទៅវិញបែរជាមានរបាយការណ៍ទម្លាក់ចំណាត់ថ្នាក់កម្ពុជាបែបនេះ ។
ជារៀងរាល់ឆ្នាំអាមេរិក តែងតែវាយតម្លៃប្រទេសផ្សេងៗលើពិភពលោក លោកស្រីជូន ប៊ុនអេង បញ្ជាក់ថា កន្លងមកកម្ពុជា បានធ្វើឲ្យមានការទទួលស្គាល់ក្នុងចំណាត់ថ្នាក់លេខ២ និងឆ្នាំបន្ទាប់ ចុះមកកាន់លេខ២កន្លះ រយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយជាគោលការណ៍របស់គេ នៅឆ្នាំទី៣ គេនឹងបញ្ចុះមកដល់លេខ ៣ដោយស្វ័យប្រវត្តិ។
លោកស្រីបានពន្យល់ថា បើសិនជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មានន័យថា ជាប្រទេសស្ថិតក្នុងស្ថានភាពមួយ ដែលខិតខំប្រឹងប្រឺង ឆ្លើយតបអស់ពីសមត្ថភាព តែនៅមានសេសសល់ចំណុចខ្លះដែលត្រូវបំពេញបន្ថែម តែបើសិនស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ មានន័យថា ជាប្រទេសព្រងើយកន្ដើយមិនខ្វាយខ្វល់ពីការប្រឆាំងអំពើជួញដូរមនុស្ស ហើយអាមេរិកនឹងដាក់ទណ្ឌកម្ម តាមរយៈការកៀរគរឲ្យមានការបន្ថយជំនួយ ក្រោមការចោទថា មិនដោះស្រាយការជួញដូរមនុស្ស៕
ដោយ៖ សូរិយា