ព័ត៌មានទាន់ហេតុការណ៍៖

នៅសល់តែបេក្ខភាពពីររូបប៉ុណ្ណោះឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីនាយករដ្ឋមន្ត្រីអង់គ្លេស

ចែករំលែក៖

ក្រោយការបោះឆ្នោតជាច្រើនលើកបន្តបន្ទាប់ដើម្បីជម្រុះបេក្ខភាពណាដែលមិនមានការគាំទ្រខ្ពស់ នៅពេលនេះនៅសល់តែបេក្ខភាពពីររូបប៉ុណ្ណោះដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដើម្បីឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសអង់គ្លេស នោះគឺអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak និងរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss។
ក្នុងការបោះឆ្នោតជម្រុះជុំទី៥ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ស៊ូណាក់ បន្តទទួលបានការគាំទ្រច្រើនជាងគេ គឺ១៣៧សំឡេង។ រីឯលោកស្រី ត្រាស់ បានឡើងមកលេខពីរ ជាមួយការគាំទ្រ ១១៣សំឡេង។ ប្រការនេះធ្វើឱ្យ រដ្ឋលេខាធិការពាណិជ្ជកម្មអន្តរជាតិ លោកស្រី Penny Mordaunt ធ្លាក់ទៅលេខ៣វិញ ហើយត្រូវខ្ទាតចេញពីការប្រកួត ព្រោះមានការគាំទ្រតិចជាងគេ។
បន្ទាប់ពីនេះ ការបោះឆ្នោតជុំចុងក្រោយនឹងត្រូវធ្វើឡើងក្នុងចំណោមសមាជិកប្រហែល ២០០,០០០នាក់ នៃគណបក្សអភិរក្សនិយមវិញម្តង។ អ្នកដែលទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ហើយនឹងក្លាយជាប្រធានបក្សថ្មី ក៏ដូចជានាយករដ្ឋមន្រ្តីថ្មី។
ទោះបីលោក ស៊ូណាក់ បាននាំមុខគេរហូតក្នុងការបោះឆ្នោតជម្រុះទាំង៥ជុំកន្លងមក ដែលធ្វើឡើងដោយក្រុមសមាជិកសភារបស់បក្សអភិរក្សនិយមយ៉ាងណាក្តី ក៏លទ្ធផលស្ទង់មតិថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា លោកមិនសូវមានប្រជាប្រិយភាពប៉ុន្មានឡើយ ក្នុងចំណោមសមាជិករបស់គណបក្សផ្ទាល់ ហើយត្រូវគេព្យាករថា អាចនឹងចាញ់លោកស្រីត្រាស់ នៅក្នុងការបោះឆ្នោតមួយទល់នឹងមួយនេះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TASS)


ចែករំលែក៖