ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់នេះ ចេញលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២នៃព្រុយណេដារ៉ូស្សាឡាម បានជួបប្រជុំ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធ ខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។
លោក ដាតូ អ៊ុរីវ៉ាន់ ពើស៊ីន យូស៊ូហ៍ បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ ប្រទេសព្រុយណេដារ៉ូស្សាឡាមចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ាន ឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ លោកបានចែករំលែក ទស្សនៈរបស់ លោកអំពីមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភព អង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាមកំពុងដើរតួនាទីជាប្រទេសសម្របសម្រួល របស់អាស៊ាន។ លោកក៏បានសម្តែងនូវលើកទឹកចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥត ឈប់ឈររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់ លោកអំពីរបៀបដែលអាស៊ាន អាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ីគ្នាជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក ដាតូ អឺរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់ លោកលើ បញ្ញាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
លោករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាផងដែរអំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែល ត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ ៕
ដោយ ៖ សុខ ខេមរា