នៅថ្ងៃទី២១ខែកក្កដា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Citilink របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបង្ខំវិលត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសារតែអាកាសយានិក ស្លាប់ពេលកំពុងបើកបរ ។ ក្រោយពេលកើតហេតុ អាកាសយានិកទីពីរ (ជំនួយការអាកាសយានិក) បានបញ្ជាយន្តហោះឱ្យចុះចតជាបន្ទាន់។ ពេលយន្តហោះចុះដល់ដីដោយសុវត្ថិភាពហើយនោះ ក្រុមគ្រូពេទ្យបញ្ជាក់ថា អាកាសយានិកបានស្លាប់បាត់ទៅហើយ។
ក្រុមហ៊ុនអាកាសចរណ៍ Citilink បានប្រកាសថា ជើងហោះហើរលេខ QG-307នោះបានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Juanda ស្ថិតនៅក្នុងទីក្រុង Surabaya ភាគខាងកើតកោះជ្វា ក្នុងទីក្រុង Makassar ខេត្ត Sulawesi ។ ក្រោយពេល៤០នាទីហោះហើរ យន្តហោះក៏បានវិលត្រឡប់មកកាន់អាកាសយានដ្ឋាន Juanda វិញ។
គ្រូពេទ្យឈ្មោះ Acub Zainal ប្រធានការិយាល័យសុខាភិបាល ទីក្រុង Surabaya បានឱ្យដឹងថា អាកាសយានិកអាយុ៤៨ឆ្នាំបានស្លាប់ទៅហើយមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា នៅមុនពេលហោះហើរ អាកាសយានិកគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ។ អាកាសយានិកដែលស្លាប់ពេលកំពុងហោះហើនោះមានបទពិសោធន៍២៨ឆ្នាំ។ នៅពេលនេះគេមិនទាន់ប្រកាសថា អាកាសយានិកបម្រុង ឬអាកាសយានិករងជាអ្នកបញ្ជាហោះហើរវិលត្រឡប់មកកន្លែងដើមវិញនោះមានឈ្មោះអ្វីនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN