ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកត្រីបត់ឆ្លងផ្លូវទៅផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តFordRaptor លឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនទាន់បានជ្រុលទៅបុករថយន្តដឹកត្រី បើកបត់ឆ្លងផ្លូវពេញទំហឹងទៅផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ រួចទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀត រងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកត្រី ម៉ាកអុីស៊ុយស៊ុយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ប.មានជ័យ 2A-4104 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលដាក់ត្រី ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកFordRaptor ពាក់ស្លាកលេខកណ្តាល2F-6677 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ បានជ្រុលទៅបុករថយន្តដឹកត្រីទៅផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀត។

បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖