ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព ដោយឥតគិតថ្លៃ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២

ចែករំលែក៖

ស្រុកសំឡូត ៖ នៅព្រឹកថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៩៨៤នាក់ ដោយឥតគិតថ្លៃ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥  និងក្រុមការងារជាច្រើននាក់ទៀត។

 លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពុកម៉ែ បងប្អូននៅក្នុងកម្មវិធីនោះផងដែរ។ 

 លោកស្រី បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកសំឡូតខេត្តបាត់ដំបង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំប៉័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ 

 ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស  ខោអាវលោកយាយ លោកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន។

ពុកម៉ែ បងប្អូនបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត៕

ដោយ ៖ សិលា


ចែករំលែក៖