ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ អាស៊ានចេញសេចក្តីថ្លែងការណ៍សម្តែងការតក់ស្លុតនិងសោកសៅយ៉ាងក្រៃលែងចំពោះមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ អាស៊ានពិតជាមានក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ដោយសារការប្រហារជីវិតសកម្មជនបក្សប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន០៤រូប ដែលក្នុងនោះរួមមានលោក ភូ ហ្សេយ៉ា, លោក “ក្យ មិនយូ, លោក ឡា មីយូ អាង និងលោកអោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញលើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះដោយផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់រដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។ នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។

   ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគស្មាញនៃវិបត្តិ ព្រមទាំងកម្តៅទោសៈមោហៈផ្ទុះឡើងគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និងភាពអត់ធ្មត់ជាអតិបរមា ហើយខិតខំជៀសវាងមិនធ្វើឱ្យជម្លោះរីករាលដាលកាន់តែខ្លាំង ។ ការអនុវត្តទោសប្រហារជីវិតតែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥គឺ ជាទង្វើធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាន ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្តដើម្បីឱ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សានិងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។

    អាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជា ឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសំឡេងដ៏លើសលុបក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោចាត់វិធានការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ យើងសូមអំពាវនាវយ៉ាងខ្លាំងក្លានិងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និង ស្ថិរភាពទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។

អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន។ ទាំងនេះគឺជាតម្រូវការបន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនារបស់ប្រជាជន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖