ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតាលឿនពេកមិនប្រយ័ត្នបានជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យយ៉ាង ពេញទំហឹងបណ្ដាលឱ្យឡំប្រឺតារងការខូចខាតយ៉ាងដំណំ រីឯតៃកុងរងរបួសស្រាល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសម្ដីបុរសរងគ្រោះដែលជាតៃកុងឡំប្រឺតាបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-6340 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ពីត្បូងទៅជើងក្នុងល្បឿនលឿនល្មមទេ តែខណៈមកដល់ចំណុចកើតហេតុរូបគាត់មិនបានបន្ថយល្បឿន រួមផ្សំចង់ធ្វើដំណើរឡើងលើស្ពានបន្តិច និងធ្វើដំណើរតាមក្រោមស្ពានបន្តិចទើបជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងតែម្តងបណ្ដាលឱ្យឡំប្រឺតាបែកកញ្ចក់ផ្នែកខាងមុខនិងកាងមុខ ព្រមទាំងគ្រឿងបន្លាស់ខាងក្នុងបានខូចខាតយ៉ាងដំណំ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ គ្រាន់តែបណ្ដាលឱ្យអ្នកបើកឡំប្រឺតារងរបួសស្រាល និងមិនបង្កឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យស្ថានភាពជាក់ស្ដែងឃើញថាមិនមានខូចខាតដល់សម្បត្តិរដ្ឋ ទើបឱ្យម្ចាស់យកឡំប្រឺតាដែលរងការខូចខាតទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ