ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុង ឯអ្នកបើកបរក៏រងរបួសធ្ងន់បន្ទាប់ពីបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង

ចែករំលែក៖

     ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខ្ទេចស្ទើរតែទាំងស្រុង រីឯតៃកុងក៏រងរបួសធ្ងន់ដែរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបមេភ្លើង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគឺគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BI-4127 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនយ៉ាងលឿនដូចហោះ។ ខណៈបើកមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់ចំនួន០២កង់ រីឯរថយន្តបានខ្ទាតទៅចំណែកផ្លូវម្ខាងទៀតដាច់បំពង់សុីមាំង ដាច់កង់មុខទាំងសងខាង និងផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង ។ 

      ក្រោយកើតហេតុភ្លាម គេសង្កេតឃើញបុរសម្នាក់ជាជនជាតិចិនដែលជាអ្នកបើករថយន្តបង្កហេតុបានបាក់ជើងម្ខាងរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅព្យាបាលសង្គ្រោះជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការបន្តតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖