ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងវង់កាប់ក្របីផឹកស្រាក្លាយជាហិង្សាម្នាក់ដេកពេទ្យម្នាក់ដេកគុក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីស្រវឹងខ្លាំងក្នុងពិធីកាប់ក្របីផឹកស្រាហើយទាញដាវកាប់អ្នកចូលរួមបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងអ្នកផ្សេងទៀតភ័យខ្លាចរត់ចែកផ្លូវគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០២២  នៅ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យឈ្មោះ ព្រីង រស្មី ភេទប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ -ទីលំនៅបច្ចុប្បន្ន នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ចំណែកជនរងគ្រោះឈ្មោះ សែម ម្លាវ ភេទប្រុស អាយុ ៥៦ ឆ្នាំជនជាតិព្នង មុខរបរកសិករ ស្រុកកំណើត ភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃស្នាក់នៅភូមិឃុំកេីតហេតុខាងលេី។

សាក្សីបាននិយាយថា ជនបង្កបានចូលរួមក្នុងពិធីកាប់ក្របីផឹកស្រាដ៏សប្បាយនោះ។ ក្រោយមកក៏ទាស់ពាក្យសម្ដីគ្នា ហើយគេក៏បានរត់យកដាវកាប់ទៅលើជនរងគ្រោះចំកញ្ចឹង.ក បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖