ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកបុកអ្នកជិះកង់ស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសស្រាលខណៈដែលអ្នកទាំងពីរជិះកង់ឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្តបុកនិងកិនតែម្តង។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២។

    របាយការណ៍របស់សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញក្មេងស្រីឈ្មោះ ផាន លីងអ័រ អាយុ១០ឆ្នាំ(រងរបួសស្រាល)ជិះកង់អគ្គិសនីឌុបក្មេងស្រីឈ្មោះ គឹម វិច្ចរា អាយុ៨ឆ្នាំ(ស្លាប់) ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ បានជិះកង់ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ដោយជិះពីក្រោយគោយន្តមួយគ្រឿង។ លុះជិះកង់មកដល់ចំណុចកើតហេតុពួកគេបានបត់ឆ្លងផ្លូវទៅទិសខាងត្បូង ហើយក៏ត្រូវរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២Y-៣៤៩៦បើកបរដោយឈ្មោះ ណុប សីហា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យក្មេងស្រីរងគ្រោះឈ្មោះ គឹម វិច្ចរា ដែលជិះពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកក្មេងស្រីអ្នកឌុបរងរបួសស្រាល។

    ក្រោយកើតហេតុនគរបាលជំនាញបានធ្វើការវាស់វែងនិងហៅរថយន្តសាមុយដឹកក្មេងស្រីរងរបួសទៅមន្ទីរពេទ្យ ចំណែកសពក្មេងរងគ្រោះផ្នែកជំនាញបានប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

   ចំពោះវត្ថុតាងទាំងពីរគ្រឿង និងអ្នកបើកបររថយន្តខាងលើផ្នែកជំនាញបានឃាត់ខ្លួននាំយកទៅរក្សាទុក និងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖