ព័ត៌មានទាន់ហេតុការណ៍៖

West Ham នាំយកខ្សែប្រយុទ្ធអុីតាលី Gianluca Scamacca ពីក្លិបSassuolo ក្នុងតម្លៃ ៣០.៥លានផោន

ចែករំលែក៖

ក្លិបញញួរធំ West Ham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធអុីតាលី Gianluca Scamacca ពីក្លិប Sassuolo ក្នុងកិច្ចព្រមព្រៀង៣០.៥លានផោន។ Scamacca ចូលរួមជាមួយក្លិប Premier League ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្ត១ឆ្នាំទៀត។ កីឡាករវ័យ២៣ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី២របស់អុីតាលីនៅ Serie A កាលពីរដូវកាលមុនដោយស៊ុតបាន១៦គ្រាប់ពី៣៦ប្រកួត។

ខ្សែប្រយុទ្ធ Gianluca Scamacca បាននិយាយថា “ខ្ញុំបានរង់ចាំជាយូរមកហើយសម្រាប់ពេលនេះ វាជាក្តីសុបិន្តក្នុងការលេងនៅ Premier League។ ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្រុម West Ham ខ្ញុំមានអារម្មណ៍ថា ពួកគេដូចជាក្រុមដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំ។ ពួកគេបានបង្ហាញថាពួកគេពិតជាចង់បានខ្ញុំ ហើយនៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកគ្រប់គ្រងមានការយល់ភ្លាមៗ។ ខ្ញុំមិនអាចរង់ចាំក្នុងការលេង និងបង្ហាញអ្នកគាំទ្រនូវអ្វីដែលខ្ញុំអាចធ្វើបាននៅក្នុងអាវ West Ham នោះទេ ខ្ញុំសង្ឃឹមថាយើងនឹងស្រឡាញ់គ្នា” ។

ខ្សែប្រយុទ្ធដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Paris St Germain និង Juventus បានចំណាយពេលនៅក្នុងក្រុម Lazio និង Roma មុនពេលផ្លាស់ទៅ PSV Eindhoven ជាកន្លែងដែលគាត់បានចំណាយពេល១៨ខែបន្ទាប់មកត្រឡប់ទៅអុីតាលីវិញដើម្បីចូលរួមជាមួយ Sassuolo ។

Scamacca បានបង្ហាញខ្លួនឲ្យជម្រើសជាតិចំនួន៧ដង រួមទាំងការចាប់ផ្តើមក្នុងការប្រកួត Nations League របស់អុីតាលី ០-០ ជាមួយក្រុមអង់គ្លេសនៅ Molineux កាលពីខែមិថុនា។ គាត់ក្លាយជាកីឡាករថ្មីទី៤របស់ក្រុមWest Ham នៃទីផ្សារដោះដូរកីឡាកររដូវក្តៅបន្ទាប់ពីការចុះហត្ថលេខាលើខ្សែការពារ Nayef Aguerd ខ្សែបម្រើ Flynn Downes និងអ្នកចាំទី Alphonse Areola ។

ទោះជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិម៉ារ៉ុកអាយុ២៦ឆ្នាំ Aguerdដែលបានចុះហត្ថលេខាពីក្លិបបារាំង Rennes កាលពីខែមុននោះ បានទទួលការវះកាត់របួសកជើងក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លិបជាមួយនឹងក្រុម Rangers។ គ្រូបង្វឹកក្រុម West Ham លោក David Moyes បានចំណាយពេលជិតរដូវកាលនេះ ដើម្បីព្យាយាមពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់គាត់ និងកំពុងពិភាក្សាជាមួយ Armando Brojaរបស់ Chelsea ផងដែរ។

លោក Moyes បាននិយាយថា “យើងបានស្វែងរកការបន្ថែមកម្លាំងបន្ថែមទៀតដល់ជម្រើសនៃការវាយលុករបស់យើងមួយរយៈ ដូច្នេះយើងរីករាយណាស់ដែលបានយក Gianluca ចូលមក។​ គាត់មកពិតជាត្រូវបានណែនាំយ៉ាងល្អ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគាត់។ គាត់គឺជាខ្សែប្រយុទ្ធកណ្តាលវ័យក្មេងដែលមានអនាគតដ៏ភ្លឺស្វាង” ។

West Ham ក៏បានផ្តល់សំណើទៅ Jesse Lingard ប៉ុន្តែខ្សែប្រយុទ្ធអង់គ្លេសវ័យ២៩ឆ្នាំរូបនេះបានសម្រេចចិត្តចូលរួមជាមួយ Nottingham Forest ដែលត្រូវបានផ្ទេរដោយមិនមានតម្លៃខ្លួនបន្ទាប់ពីចាកចេញពី Manchester United នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។

គួរបញ្ជាក់ថា ក្រុមញញួរធំ West Ham បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ខណៈដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងក្របខ័ណ្ឌ Premier League ដើម្បីមានសិទ្ធិម្តងទៀតសម្រាប់ការប្រជែងពានរង្វាន់នេះទៀត។ ក្រុម West Ham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងឯក Manchester City ក្នុងការប្រកួតដំបូងនៃរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖