ខេត្តកំពត៖ នៅសាលាខេត្តកំពតនាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយនឹងខេត្តគៀនយ៉ាង (វៀតណាម)។
ខេត្តកំពតដឹកនាំដោយលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯខេត្តគៀនយ៉ាងដឹកនាំដោយលោក ឡឹម មិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។
សូមជម្រាបថា អនុវត្តតាមស្មារតីសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) លើទិសដៅដែលលើកឡើងក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងកន្លងមក ភាគីទាំងពីរបានព្រមព្រៀងគ្នាជារៀងរាល់ឆ្នាំ នឹងរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេលមួយឆ្នាំ និងលើកទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត។
កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) ដែលបានខកខាន រយៈពេល០២ឆ្នាំជាប់គ្នាដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តទាំងពីរត្រូវអនុវត្តទៅតាមសារាចរណែនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំ ។
លុះពេលស្ថានភាពនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ រដ្ឋបាលខេត្តកំពត និងគណៈកម្មាធិការប្រជាជន ខេត្តគៀនយ៉ាងបានឯកភាពគ្នាតាមរយៈលិខិតលេខ ១៣៣/២២ សជណ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខត្តកំពត និងលិខិតលេខ៤៨៨/CT-VP ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ស្តីពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋខេត្តទាំងពីរ (កំពត-គៀនយ៉ាង)បានចេញ-ចូលឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក-ហាទៀន ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់-យ៉ាងថាញ់ នឹងត្រូវអនុវត្តតាមវិធានការការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការចេញ-ចូលឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងសងខាង និងការដោះដូរទំនិញត្រឡប់មកប្រក្រតីភាពឡើងវិញ ។
ទន្ទឹមនេះកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) នឹងធ្វើការបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំ(២០១៩-២០២១) និងលើកទិសដៅ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តទៀត៕
ដោយ៖សហការី