ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន ម្ចាស់នាវា ក្រុមហ៊ុននាវា ក្រុមហ៊ុនភ្នាក់ងារនាវា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ជ្រាបថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណង ពីប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការអនុវត្តគម្រោង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីកាត់បន្ថយពេលវេលា និងសម្រួលដល់ការរៀបចំ បែបបទនាវាចូលចេញកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ចូននឹងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (PortEDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការដែលមានអាសយដ្ឋាន https:/portedi.mpwt.gov.kh។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់នាវា ក្រុមហ៊ុននាវា ក្រុមហ៊ុនភ្នាក់ងារនាវា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់បានជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ៕
ដោយ ៖ សិលា