ទីក្រុង Hanover បានក្លាយទៅជាទីតាំងដំបូងបង្អស់នៅក្នុងប្រទេសអាល្លឺម៉ង់ដែលបានអនុវត្តវិធានការចាំបាច់ដើម្បីសន្សំសំចៃថាមពលបន្ទាន់ ដូចជាកាត់ផ្តាច់ប្រព័ន្ធទឹកក្តៅសាធារណៈ ទីកន្លែងកម្សាន្ត និងបិទភ្លើងនៅទីតាំងសាធារណៈ ។
តាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៩ខែកក្កដា បានផ្សាយថា ក្នុងពេលដែលអាល្លឺម៉ង់កំពុងប្រឈមកង្វះថាមពលហ្គាសយ៉ាងខ្លាំងនោះ បណ្តាទីក្រុងធំៗក្នុងប្រទេសនេះបានចាប់ផ្តើមអនុវត្តការសន្សំសំចៃថាមពល ក្នុងនោះមានកាត់ប្រព័ន្ធអគ្គិសនីសាធារណៈ កន្លែងបាញ់ទឹក…។ លើកលែងតែមន្ទីរពេទ្យ មណ្ឌលចាស់ជរា និងសាលារៀន។
តាមការប្រកាសរបស់រដ្ឋបាលទីក្រុង Hanover បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២២ដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣ បណ្តាអគារ ផ្ទះមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធកម្តៅលើសពី២០អង្សាសេនោះឡើយ។
សកម្មភាពខាងលើគឺក្នុងគោលដៅ កាត់បន្ថយការប្រើប្រាស់ថាមពលដែលអឺរ៉ុបកំណត់រួម គឺប្រទេសនីមួយៗត្រូវកាត់បន្ថយការប្រើប្រាស់ឧស្ម័នហ្គាស១៥% ចាប់ពីខែសីហាឆ្នាំ២០២២ដល់ខែមីនាឆ្នាំ២០២៣។
បច្ចុប្បន្នអឺរ៉ុបប្រឈមនឹងកង្វះថាមពលយ៉ាងខ្លាំងនៅក្នុងរដូវរងាខាងមុខ ហើយប្រសិនបើរដូវរងាអូសបន្លាយទៀតនោះ ពលរដ្ឋនៅតំបន់អឺរ៉ុបទាំងមូលនឹងត្រូវប្រឈមបញ្ហាជាច្រើន ៕
ដោយ៖ ធីរីណា(រូបថត : Thread Times.)