ភ្នំពេញ៖ បុរសម្នាក់បានស្គាល់បុរសម្នាក់ទៀតតាមរយៈហ្វេសប៊ុកហេីយបានស្រឡាញ់គ្នាធ្វើជាគូស្នេហ៍ រួចហើយបានណាត់ជួបគ្នាទៅដេកនៅផ្ទះសំណាក់ដើម្បីឱ្យកាន់ស្គាល់ចិត្តស្គាល់ថ្លើមគ្នា…លុះពេលបុរសដែលតាំងខ្លួនធ្វើជាស្រីស្នេហ៍ចូលទៅដុសលាងខ្លួនឱ្យស្អាតក្នុងបន្ទប់ទឹកនោះ ពេលចេញវិញក៏ផឹកទឹកភេសជ្ជៈស្ទីងដែលបុរសជាគូស្នេហ៍ទិញយកមកទុកឱ្យផឹកនោះបណ្តាលឱ្យត្រូវថ្នាំសណ្តំងងុយដេករហូតដល់មិនដឹងខ្លួន ត្រូវប្រុសស្នេហ៍រូបនោះដោះយកគ្រឿងអលង្ការនិងម៉ូតូ កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មានលាភ បន្ទប់លេខ១៦៣ ផ្លូវលេខ១ ក្រុមទី១ ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែពេលប្រុសស្នេហ៍ចិត្តក្បត់នោះចុះមកយកម៉ូតូបំណងគេចខ្លួនត្រូវម្ចាស់ផ្ទះសំណាក់មានការសង្ស័យព្រោះមិនឃេីញម្នាក់ទៀតមកជាមួយ ក៏សួរនាំនិងឃាត់ខ្លួនសិនដើម្បីឡេីងទៅមេីលបុរសម្នាក់ទៀត ហើយពេលបើកទ្វារបន្ទប់ចូលទៅស្រាប់ឃើញគាត់នោះកំពុងដេកបែកពពុះមាត់ទេីបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនតែម្តង។
ជនសង្ស័យឈ្មោះ ងិន ផានី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមេការហាងផឹកស៊ីមួយកន្លែង ស្នាក់នៅភូមិត្រពាំងស្គន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ចំណែកបុរសរងគ្រោះដែលដើរតួជាគូស្នេហ៍ស្រីឈ្មោះ អ៊ុក យឿន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះលេខ Z៨ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារដែលជនសង្ស័យដាក់ថ្នាំយកមានខ្សែដៃផ្លាទីន០១ខ្សែតម្លៃ២៨០ដុល្លារអាមេរិក, ខ្សែកផ្លាទីន០១ខ្សែតម្លៃ ៦២០ដុល្លារអាមេរិកនិងទូរស័ព្ទ០២គ្រឿងម៉ាក IPHONE8 និងOPPO A92, ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដា nex ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង 1M-3006 ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែល បីបួនឆ្នាំហើយ ៗបានណាត់ជួបគ្នាទៅដេកនៅផ្ទះសំណាក់មានលាភ ក្នុងបន្ទប់លេខ១៦៣ ផ្លូវលេខ១ ក្រុមទី១ ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះចូលដល់បន្ទប់ដោះខោអាវចូលងូតទឹក ហើយចេញមកវិញក៏ហូបបង្អែមផ្លែឈើ និងផឹកទឹកស្ទឹងដែលជនសង្ស័យបានទិញយកមកទុកឱ្យជនរងគ្រោះដោយមានដាក់ថ្នាំងងុយដេករួចទៅហេីយ។ ពេលជនរងគ្រោះដេកលក់បែកពពុះមាត់ជនសង្ស័យបានដោះយកគ្រឿងអលង្ការនិងសោម៉ូតូចុះមកយកម៉ូតូស្រាប់តែមេការផ្ទះសំណាក់មិនឃេីញម្នាក់ទៀតមកជាមួយក៏សង្ស័យទើបឃាត់ទុកសិន ហេីយបានទៅមេីលក្នុងបន្ទប់ឃើញជនរងគ្រោះដាស់មិនភ្ញាក់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដាក់ថ្នាំសណ្តំឱ្យជនរងគ្រោះផឹកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ