ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌបានឱ្យដឹងថា,កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ (ឈ្មោះ សន សុខា ហៅ ជឺត, ឈ្មោះ អែម សុវ៉ាត់, ឈ្មោះ យ៉ែម ពិសី) នៅចំណុចក្នុងបន្ទប់ជួល ភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកអធិការរងនគរបាលខណ្ឌបានឱ្យដឹងថា,កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោងប្រហែល០៥ និង០០នាទីភ្លឺ ជនរងគ្រោះឈ្មោះ ជួន ចាន់ណា បាន ជិះម៉ូតូម៉ាកប៊ីត ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1JO-2453 លេខតួ 9084931 លេខម៉ាស៊ីន 9039979 ចេញពីធ្វើការរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (សង្កាត់កន្ទោក) ត្រឡប់ទៅផ្ទះស្នាក់នៅវិញ ភូមិព្រៃដូនអុក(សង្កាត់ត្រពាំងក្រសាំង) ពេលជិះម៉ូតូដល់ចំណុច មុខបន្ទាយទាហាន៩១១ (សង្កាត់កំបូល) ពេលនោះក៏មានក្រុមជនសង្ស័យបានធ្វើសកម្មភាពបើកម៉ូតូមកបុកម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួលហើយក្រុមជនសង្ស័យបានយកកាំបិតចេញពីកាបូបស្ពាយ មកភ្ជុងជនរងគ្រោះគម្រាមមិនឲ្យស្រែក រួចជនសង្ស័យឈ្មោះ យ៉ែម ពិសី បានទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន។ក្រោយមក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ។
លោកអធិការរងខណ្ឌបានបន្តឱ្យដឹងទៀតថា,បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២២ ទើបឈានទៅបង្ក្រាបបានជនសង្ស័យទាំង ០៣នាក់តែម្តងដោយមាន (ឈ្មោះ សន សុខា ហៅ ជឺត, ឈ្មោះ អែម សុវ៉ាត់, ឈ្មោះ យ៉ែម ពិសី) នៅចំណុចក្នុងបន្ទប់ជួល ភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមទាំងម៉ូតូចំនួន ០២គ្រឿង ម៉ាកប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 លេខតួ 9084931 លេខម៉ាស៊ីន 9039979(របស់ជនរងគ្រោះ) និងម៉ាកហុងដាសេ១២៥ ស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-4368 លេខតួ+លេខម៉ាស៊ីន 8339136 (កម្មសិទ្ធរបស់ជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត) និងកាំបិតកាចែតចំនួន ០១(របស់ជនសង្ស័យឈ្មោះ អែម សុវ៉ាត់) នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល រួចឃាត់ខ្លួនតែម្ដង។
យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង៣នាក់បានឱ្យដឹងថា,ពួកគេទាំង៣នាក់បានរៀបចំគំរោងប្លន់ដោយឈ្មោះ សន សុខា ហៅ ជឺត បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1H-4368 លេខតួ+លេខម៉ាស៊ីន 8339136 (កម្មសិទ្ធរបស់ជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត) បើកនាំមុខ និងសង្ស័យឈ្មោះ អែម សុវ៉ាត់ បើកម៉ូតូម៉ានិច ពណ៌ប្រផេះ មិនចាំផ្លាកលេខ (ជារបស់មិត្តភក្តិជនសង្ស័យឈ្មោះ អែម សុវ៉ាត់) បើកបិតគូទពីក្រោយ ចេញពីស៊ីមីឆាម្ដុំមុខព្រលានយន្តហោះពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ) ពេលស៊ីមីឆារួច ជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត បានបបួលជនសង្ស័យឈ្មោះ យ៉ែម ពិសី និងជនសង្ស័យឈ្មោះ អែម សុវ៉ាត់ ចេញរកលុយ ជនសង្ស័យឈ្មោះ យ៉ែម ពិសី និងជនសង្ស័យឈ្មោះ អែម សុវ៉ាត់ បានយល់ព្រម រួចជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត បាននិយាយថា << អញជាអ្នកបើកម៉ូតូបុកជនរងគ្រោះ ឲ្យដួល>> ហើយឲ្យជនសង្ស័យឈ្មោះ យ៉ែម ពិសី ជាអ្នកចុះលើកម៉ូតូរបស់ជនរងគ្រោះជិះ និងឈ្មោះ អែម សុវ៉ាត់ ជាអ្នកកាន់កាំបិតកាចែតភ្ជុងជនរងគ្រោះ គម្រាមយកម៉ូតូ ពេលនិយាយគ្នារួចជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត បានបើកម៉ូតូនាំមុខ ចំណែកជនសង្ស័យឈ្មោះ យ៉ែម ពិសី បានជិះម៉ូតូជាមួយជនសង្ស័យឈ្មោះ អែម សុវ៉ាត់ តាមពីក្រោយ រហូតដល់ចំណុចមុខបន្ទាយទាហាន៩១១ ផ្លូវបេតុង(សង្កាត់កំបូល) ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូចំនួន ០១គ្រឿង ម៉ាកប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1JO-2454 លេខតួ 9084931 លេខម៉ាស៊ីន 9039979 នៅពីមុខម៉ូតូរបស់ក្រុមជនសង្ស័យ ដោយមានសភាពស្ងាត់ ក្រុមជនសង្ស័យបានជិះម៉ូតូតាមពីក្រោយ រហូតដល់ចំណុច ផ្លូវកែងរបងវត្តតាភេម ភូមិតាភេម (សង្កាត់កំបូល) ជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត បានធ្វើសកម្មភាពបើកម៉ូតូបុកម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួល ហើយជនសង្ស័យឈ្មោះ អែម សុវ៉ាត់ បានបើកម៉ូតូទៅដល់ដែរ ហើយចុះពីលើម៉ូតូយកកាំបិតកាចែតចេញពីកាបូបស្ពាយ មកភ្ជុងជនរងគ្រោះគម្រាមមិនឲ្យស្រែក រួចជនសង្ស័យឈ្មោះ យ៉ែម ពិសី បានចុះពីលើម៉ូតូ ទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនត្រឡប់ទៅបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ សន សុខា ហៅ ជឺត វិញ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងស្រាវជ្រាវនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ។
ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
ដោយ៖ចន្ទ លីហ្សា