ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយរកឃើញប្រាក់ពុករលួយជាង៨៥ម៉ឺនដុល្លារ ពាក់ព័ន្ធការចូលក្របខ័ណ្ឌមន្ទីរសុខាភិបាលខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានប្រកាសពីការរកឃើញប្រាក់ពុករលួយជាង ៨៥ម៉ឺន៤ ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្របខ័ណ្ឌមន្ទីរសុខាភិបាលនៅខេត្តក្រចេះ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកស្រីកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា ៧រូបទៀត កាលពីរសៀលថ្ងៃទី២៩ កក្កដា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ថា អង្គភាពACU បានរកឃើញជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់នៅក្នុងក្របខណ្ឌមន្ទីរសុខាភិបាលនៅខេត្តក្រចេះ ដែលជន ល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាននៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន​៤ពាន់៦៤​ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។

លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១អង្គភាពACU រកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល៣៨ ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ​កាល ពីថ្ងៃទី១៩ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ពីថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។

លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយACU បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន ៤ពាន់ ៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន ៧៣ ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២នេះប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀតសរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕

ដោយ៖ សូរិយា


ចែករំលែក៖