ព័ត៌មានទាន់ហេតុការណ៍៖

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រតៃវ៉ាន់ ក្នុងពេលប្រធានរដ្ឋសភាអាមេរិកបំពេញទស្សនកិច្ចអាស៊ី

ចែករំលែក៖

នៅថ្ងៃទី២៩ខែកក្កដា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Pelosi បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ីដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ នៅពេលនេះគេមិនទាន់ដឹងថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដូចការលើកឡើងពេលកន្លងមកនោះដែរឬយ៉ាងណានោះ។
សារព័ត៌មានCNN នៅថ្ងៃទី ២៩ខែកក្កដាបានសផ្សាយថា លោកស្រី Pelosi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី។ ចំណែកកោះតៃវ៉ាន់មិនដឹងថា លោកស្រីនឹងបំពេញទស្សនកិច្ចដែរឬទេ ។
ក្នុងពេលនេះដែរ រដ្ឋាភិបាលចិនបានប្រកាសថា យោធាចិននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងថ្ងៃទី៣០ខែកក្កដា មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃទី២៩ខែកក្កដា ទីក្រុងប៉េកាំងបានប្រកាសថា សមយុទ្ធយោធាខាងលើនឹងធ្វើឡើងក្នុងទ្រង់ទ្រាយតូចល្មម នៅលើដែនទឹកក្បែរកោះ Pingtan ក្នុងខេត្ត Fujian។ សម្រាប់ការបាញ់គ្រាប់ពិតនឹងប្រព្រឹត្តទៅនៅចន្លោះម៉ោង៨ព្រឹក និងម៉ោង៩យប់ថ្ងៃទី៣០ខែកក្កដានេះ ហើយការធ្វើចរាចរណ៍ចូលមកក្នុងតំបន់នោះ គឺត្រូវបានហាមឃាត់។ ទីតាំងនៃការធ្វើសមយុទ្ធរបស់ចិនគឺស្ថិតនៅចម្ងាយតែប្រមាណ១២០គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរកោះតៃវ៉ាន់។
ភាពតានតឹងបាននិងកំពុងកើនឡើងខ្លាំងជុំវិញបញ្ហាតៃវ៉ាន់ រវាងមហាអំណាច នឹងគូប្រជែងភូមិសាស្រ្តនយោបាយទាំងពីរ ដោយក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថា អ្នកដែលប្រឡែងលេងជាមួយភ្លើងមុខជានឹងរលាកខ្លួនមិនខានឡើយ។ ពាក់ព័ន្ធសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការបំពេញទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី មកកាន់កោះតៃវ៉ាន់នៅក្នុងខែសីហាខាងមុខ គឺទាំងរដ្ឋាភិបាលអាមេរិក និងរូបលោកស្រីផ្ទាល់ មិនបានទទួលស្គាល់ឬក៏ច្រានចោលនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖