ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ៣ខ្នងដែរត្រូវបានរបើកដំបូលនឹងដួលរលំដោយសារតែមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់បំផ្លាញ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្សសត្វ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ផ្ទះដែលរបើកដំបូលមាន ៖
ទី១-ម្ចាស់ឈ្មោះញឹម សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិតាបឹប សង្កាត់/ក្រុងបាវិត ដែលមានផ្ទះទំហំទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រធ្វើអំពីឈើខាងលើ ដំបូលប្រក់ហ្វុីប្រូស៊ីម៉ងត៍ បានរបើកដំបូលហ្វុីប្រូស៊ីម៉ងត៍អស់ចំនួន០២សន្លឹក។ម្ចាស់ផ្ទះទី២-មានឈ្មោះ ប៉ោ រតនៈភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិតាបឹប សង្កាត់/ក្រុងបាវិត ដែលមានឃ្លាំងទំហំទទឹង៨ម៉ែត្រ បណ្ដោយ១៥ ម៉ែត្រ សង់អំពីដែកដំបូលប្រក់ស័ង្កសី បានរលំដួលទាំងស្រុង ។
ទី៣-មានម្ចាស់ឈ្មោះ តឹង សាវី ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរងការខូចខាតផ្នែកដំបូល ។
ប្រភពបន្តថា ក្នុងករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។
ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះ អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖យឹម សុថាន