ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន និងសហការី នៅវេលាម៉ោង ១០ ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងធ្វើការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO លើប្រធានបទស្តីពី “ការអភិវឌ្ឍធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិស័យកសិកម្មដល់មន្រ្តី និស្សិត លោកគ្រូ អ្នកគ្រូ និងកសិករឆ្នើម” ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងការ អនុវត្តជាក់ស្តែង” និងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ត្រីភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group ។
មានប្រសាសន៍ទៅកាន់សាកលវិទ្យាធិការ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានជួយអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ។ ជាក់ស្តែង គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យនាថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តការស្តីពី “ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម”។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានជម្រាបជូនសាកលវិទ្យាធិការដោយសង្ខេបអំពីសាវតានៃការអភិវឌ្ឍប្រទេសដោយចាប់ផ្តើមពីចំណុចសូន្យ ជាបន្ត បន្ទាប់ និងពីដំណាក់កាលមួយមកដំណាក់កាលមួយ កម្ពុជាបានដើរចេញពីប្រទេសក្រីក្រ អសន្តិសុខស្បៀង មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ប្រទេសមានអធិរេកស្បៀង និងនាំចេញកសិផល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
បច្ចុប្បន្នកម្ពុជាជាប្រទេសផលិតស្បៀង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារអន្តរជាតិមាន: ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូ។ល។ ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជាកាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារនាំចេញដែលមាននិន្នាការកាន់តែកើនឡើងខ្ពស់។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយ:ពេលវែងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។
ជាក់ស្តែង ដំណើរទស្សន:កិច្ចនៅកូរ៉េនាពេលនេះ និងជា ពិសេសទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ព្រឹកនេះ គឺមានបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។
លទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែង សហការគ្នាបានល្អរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងសាកលវិទ្យាល័យ Korea International Open University ឈានទៅសម្រេចបាននូវការចុះហត្ថលេខាង លើឯកសារអនុស្សារណនៃការយោគយល់គ្នា (MOU) នាពេលនេះ។ លទ្ធផលនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះ ភាគីកូរ៉េ និងអ្នកពាក់ព័ន្ធ រួមទាំងរដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឲ្យឯកសារ MOU នេះកើតចេញជារូបរាង្គ និងផ្លែផ្កាដែលយើងទទួលបានពេញទៅដោយមោទនភាពនាពេលនេះ។ លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាការអនុវត្ត MOU នេះនឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ និងសូមឲ្យភាគីហត្ថលេក្ខីទទួលបានជោគជ័យ។
មានប្រសាសន៍នាឱកាសនេះដែរ សាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានសង្កត់ធ្ងន់ថានេះគឺជាឧបនិស្ស័យដែលបាននាំឲ្យយើងបានមកជួបគ្នា យល់យោគគ្នា មានទស្សននិស្ស័យដូចគ្នា និងសហការផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនេះឡើង។ “ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយបុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្ស ប៉ិនប្រសព្វ និងជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍដោយសារតែធនធានមនុស្សមានសមត្ថភាព” នេះជាការលើកឡើងរបស់ Dr.CHANG។
ហេតុផលនេះ ការបណ្តុះ បណ្តាលធនធានមនុស្សនឹងជួយអភិវឌ្ឍវិស័យមួយនេះមានការរីកចម្រើន តាមរយ:ការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករឆ្នើម មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។ល។ ថ្ងៃនេះយើងបានចុះហត្ថលេខាលើឯកសារ MOU ព្រមគ្នា ហើយថ្ងៃស្អែកសង្ឃឹមយ៉ាងមុតមាំថាយើងនឹងនាំគ្នាដើរតាមទិសដៅមួយក្នុងឆន្ទ:ប្រាកដនិយមថានឹងទៅកាន់គោលដៅដែលយើងចង់បានគឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី៕
ដោយ៖សហការី