ព័ត៌មានទាន់ហេតុការណ៍៖

ស្នូរផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងហាងកាហ្វេយីហោKSS COFFEE នគរបាលម្នាក់អះអាងថាគាត់រៀលកៃកាំភ្លើងខ្លី

ចែករំលែក៖

 ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវវត្តទួល ស្ថិតក្នុងហាងកាហ្វេ យីហោ KSS COFFEE សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    ហាងលក់កាហ្វេកើតហេតុនេះគឺជាហាងកាហ្វេរបស់កីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ តែគាត់សុំមិនបង្ហាញអត្តសញ្ញាណទេ។  មុនពេលមានការភ្ញាក់ផ្អើល គឺនៅក្នុងហាងកាហ្វេនេះមានការជួបជុំផឹកស៊ីសប្បាយក្អាកក្អាយ និងមានអ្នកចូលរួមចន្លោះពី៥នាក់ទៅ៦នាក់។ ពេលកំពុងតែផឹកស៊ីសប្បាយហើយស្រវឹងស្រឿងៗផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមគ្នីគ្នាគេទាំងអស់បានចេញទៅឈរនៅក្រៅហាង ហើយក៏ឃើញមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះលឿនឆ្លងកាត់ផ្លូវនោះមកកៀរបុរសរូបនេះ។ ភ្លាមៗនោះ បុរសរូបនេះក៏ខឹងយ៉ាងខ្លាំង រួចក៏ដកកាំភ្លើងខ្លីចេញពីក្នុងហោប៉ៅខោយកមកអារម៉េបញ្ចូលគ្រាប់គំរាមអ្នកដែលបើកម៉ូតូកៀរគាត់ បណ្តាលឱ្យធ្លាក់គ្រាប់កាំភ្លើងចេញក្រៅ ហើយបុរសរូបនេះក៏បញ្ចូលគ្រាប់ម្តងទៀត តែភ្លាត់ស្នៀតស្រាប់តែរៀលកៃបណ្តាលឱ្យផ្ទុះតែម្តង ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ ។

   ជនបង្កឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនគរបាលប៉ុស្តិ៍បឹងកេងកង២ ។

    ចំពោះសម្ភារដកហូតរួមមាន៖

-កាំភ្លើងខ្លីមួយដើមម៉ាក ប្រាហា ពណ៌ខ្មៅលេខ Z517054

-បង់ចំនួន០១

-គ្រាប់ចំនួន០៥គ្រាប់

-សំបកគ្រាប់ចំនួន០២គ្រាប់

-ស្រោមចំនួន០១។

    បន្ទាប់ពីបង្កហេតុរួច បុរសជាខ្មាន់កាំភ្លើងបានប្រមូលយកសំបកគ្រាប់ទុក រួចធ្វើដូចគ្មានរឿងអ្វីកើតឡើងឡើយ ប៉ុន្តែប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះមានការភិតភ័យស្លន់ស្លោ និងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។

    សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួន៥នាក់ ក្នុងនោះមានម្នាក់ជាអ្នកបង្កហេតុ នាំទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖