ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា រស់នៅក្នុងសង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ចំនួន ៤០គ្រួសារ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទួលទំពូងទី១-បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ នៅក្នុងបរិវរណវត្តទួលទំពូអ នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនេះ លោក ថេង សុថុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក ថេង សុថុល បានបន្តថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន ជាពិសេស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យលោកចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាលជូនប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ -អង្ករ ២៥គីឡូក្រាម -ទឹកត្រី -ទឹកស៊ីអ៊ីវ -មី -ម៉ាស់-ជែលសម្លាប់មេរោគ និងថវិកាមួយចំនួន ៕
ដោយ៖ ជីណា