ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែក្នុងខែកក្កដា ព្យុះចំនួន២ បានធ្វើឱ្យស្លាប់មនុស្ស៤នាក់ និងប៉ះពាល់ដំណាំជាង ៨ពាន់ហិកតា

ចែករំលែក៖

ភ្នំពេញ ៖ គ្រាន់តែក្នុងខែកក្កដាកន្លងមកនេះបញ្ហាគ្រោះធម្មជាតិ ដែលបង្កពីខ្យល់ព្យុះចំនួន២ ធ្វើឲ្យមានជំនន់ទឹកភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ជាដើម បណ្ដាលឲ្យមានខេត្តរងគ្រោះចំនួន១៤, ស្លាប់មនុស្សចំនួន ៤នាក់ ហើយបានប៉ះពាល់ដំណាំកសិកម្មផ្សេងៗជាង ៨ពាន់ហិកតា ។

របាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ (គ.ជ.គ.ម) ប្រចាំខែកក្កដា បានឲ្យដឹងថា ខេត្តដែលរងគ្រោះទាំងអស់នោះ មានខេត្តព្រះសីហនុ កំពត កោះកុង កែប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ។ របាយការណ៍បន្តថា បញ្ហាជំនន់ទឹកភ្លៀង និងខ្យល់ព្យុះនេះបានធ្វើឲ្យលិចផ្ទះសម្បែងរបស់ពលរដ្ឋចំនួន ៩៦៧ខ្នង និងខូចខាតផ្ទះ ៤៥ខ្នង, លិចវត្តអារាមចំនួន ៣កន្លែង, សាលារៀន៣ កន្លែង និងរងគ្រោះស្លាប់ ៤នាក់ (ស្រី២ និងក្មេង១នាក់) ហើយប៉ះពាល់ដំណាំស្រូវទំហំជាង ៧ ៤០០ហិកតា រងការខូចខាតជាង ៧០០ហិកតា, ប៉ះពាល់ដំណាំរួមផ្សំជាង ៧០០ ងាប់សត្វពាហនៈ និងសត្វចិញ្ចឹមមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រោះមហន្តរាយប្រចាំខែកក្កដា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២លោកទេសរដ្ឋ មន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម មានប្រសាសន៍ថា កងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កងកម្លាំងគ្រប់ប្រភេទ នៅតាមបណ្ដាមូលដ្ឋានខេត្តឈរជើងបានត្រៀមកម្លាំង ឧបករណ៍សម្ភារសង្គ្រោះ ក្រុមគ្រូពេទ្យ និងមធ្យោបាយដឹកជញ្ជូន ដោយប្រចាំការជាប់ជាប្រចាំ សម្រាប់សកម្មភាពអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ ។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយបានណែនាំដល់សហការ និងចូលរួមសហការឱ្យជាប់ជាប្រចាំជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងការត្រៀម និងការអន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយ ដែលអាចនឹងកើតមានក្នុងរដូវវស្សា ពិសេសជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ៕

ដោយ៖ សូរិយា


ចែករំលែក៖