ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ បង្ហាញ​ពី”សត្វត្មាតកម្ពុជា”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សត្វត្មាត ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លឹត ស្ថិតនៅដែនជម្រក សត្វព្រៃឆែប នៃភូមិដងផ្លឹត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានផ្ទៃដីព្រៃសរុបចំនួន ២,៤២៨ហិកតា គ្របដណ្តប់ភាគ ច្រើនដោយព្រៃល្បោះ និងព្រៃពាក់កណ្តាលស្រោង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ប្រទេស​កម្ពុជា​ យើងមានសត្វត្មាត​៣ ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ មាន​វត្តមាន​សរុប​ចំនួនជាង ១៤០ ​ក្បាល ក្នុងព្រៃតំបន់ការពារធម្មជាតិ។

សូមជម្រាបថា​ កាលពីថ្ងៃទី ២៩ និងទី៣០ ខែកក្កដា ឆ្នាំ២០២២  អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ អង្គការ WCS  និងអង្គការដៃគូដទៃទៀត បានរៀបចំ «យុទ្ធនាការផ្សព្វផ្សាយសក្តានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា» នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធ មន្ត្រីឧទ្យានុរក្ស អង្គការដៃគូ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ 

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង៖ ១- ទាក់ទាញដល់វិស័យទេសចរណ៍នៅតាម តំបន់ការពារធម្មជាតិដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍។ 

២- ផ្សព្វផ្សាយពីសក្ដានុពលសត្វស្លាបកម្ពុជានៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដល់សាធារណៈ ជន តាមរយៈការរៀបចំដាក់បង្ហាញរូបភាពនៅក្នុងកម្មវិធី។ 

៣- បង្កើនចំណេះដឹងដល់សាធារណជនអំពីសារៈ សំខាន់នៃសត្វស្លាបនិងការអភិរក្សជីវៈចម្រុះនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញជាសាធារណៈពីអ្នកជំនាញសត្វស្លាបនិងអ្នកអនុវត្តការងារផ្ទាល់ និង ៤- បណ្ដុះទឹកចិត្តស្រលាញ់និងការចូលរួមពីសាធារណៈជនជាពិសេស ស្រទាប់យុវជនក្នុងការថែរក្សានិងអភិរក្សធនធានធម្មជាតិនិងសត្វស្លាបនៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការនេះ បានរៀបចំឡើងក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈគម្រោងទន្លេសាបយើង អង្គការ WCS និងដៃគូផ្សេងទៀត៕

ដោយ​៖សហការី​


ចែករំលែក៖