រដ្ឋមន្ត្រីការពារជាតិប្រទេសតួកគី បានឱ្យដឹងថា នេះជាលើកទីមួយ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក ដែលនាវាដឹកស្បៀងអាហាររបស់អ៊ុយក្រែនបានចាកចេញពីកំពង់ផែ Odessa ឆ្ពោះទៅកាន់ប្រទេសតួកគី។
ក្រសួងការពារជាតិតួកគី បានអះអាងថា កប៉ាល់ឈ្មោះ រ៉ាហ្សូនី (Razoni) មានដោតទង់ជាតិប្រទេសសៀរ៉ាឡេអូន (Sierra Leone) ដែលផ្ទុកពោតបានចាកចេញពីកំពង់ផែអូដេសាហើយ ដោយមានគោលដៅឆ្ពោះទៅកាន់ប្រទេសលីបង់។ កប៉ាល់នេះ ត្រូវរំពឹងថា នឹងទៅដល់ទីក្រុងអ៉ីស្តង់ប៊ុលរបស់តួកគីនៅថ្ងៃអង្គារសប្តាហ៍នេះ។ នៅទីនោះ វានឹងត្រូវត្រួតពិនិត្យមុនពេលអនុញ្ញាតឱ្យបន្តដំណើរទៅកាន់លីបង់។ ដោយឡែកបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ កប៉ាល់រ៉ាហ្សូនី ផ្ទុកពោតក្នុងទម្ងន់សរុបជាង ២៦,០០០តោន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតួកគី បានបន្ថែមថា កប៉ាល់ផ្សេងទៀតក៏នឹងចាកចេញពីកំពង់ផែអ៊ុយក្រែនតាមច្រករបៀងសុវត្ថិភាពស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៉ីស្តង់ប៊ុលកាលពីថ្ងៃទី២២ ខែកក្កដា ផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
គួរបញ្ជាក់ថា រុស្ស៉ីនិងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយឡែកពីគ្នាជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) ក្នុងការបង្កើតច្រកផ្លូវសម្រាប់អ៊ុយក្រែន ដែលជាអ្នកផ្គត់ផ្គង់ស្បៀងដ៏សំខាន់របស់ពិភពលោក ដើម្បីនាំចេញធញ្ញជាតិនិងទំនិញកសិកម្មផ្សេងទៀតសរុប២២លានតោន ដែលបានជាប់គាំងនៅតាមកំពង់ផែនៃតំបន់សមុទ្រអូដេសា៕ ដោយ៖ ធីរីណា
រូបថត ៖ AP