ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក អភិបាលរងខេត្ត, អភិបាលស្រុក ,និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត បានអញ្ចេីញចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងឃុំត្នោតជុំ ស្រុកបារាយ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា៖ ស្រុកកំពង់ស្វាយ÷ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់និងខូចដំណាំស្រូវតាមបណ្តាឃុំចំនួន ៤ ដែលមានផ្ទៃដីសរុប ចំនួន២៣៧៩ ហិកតា។ ក្នុងនោះមាន
– ឃុំកំពង់គោ ÷ រងផលប៉ះពាល់ផ្ទៃដី ២០០០ ហិកតា។
– ឃុំពង់ស្វាយ÷ រងផលប៉ះពេលព្រោះស្រូវរួច ១១៥ហិកតា ។
– ឃុំក្តីដូង÷ រងផលប៉ះពាល់និងខូចខាត ៨៨ ហិកតា ។
– ឃុំត្បែង÷ ប៉ះពាល់ចំនួន ៩៩ហិកតា ស្មើ ៥៧ គ្រួសារ។ និងបណ្ដាលអោយខូចខាតចំនួន ៧៧ហិកតា នៅតំបន់ខាងលិចស្ទឹងព្រៃប្រស់ ពីខាងត្បូងផ្លូវជាតិលេខ ៦ រហូត ដល់តំបន់ដើមពោធ៏ មហាពពាយ។
+ ស្រុកបារាយណ៍÷ប៉ះពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ៨៤១ ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវ ៤៨៦ ហិកតា និងស្រូវធ្ងន់ ៣៥៥ ហិកតា ក្នុងនោះ÷
– ឃុំបារាយណ៍: ប៉ះពាល់ស្រូវស្រាលបង្កើនរដូវ ចំនួន ៥០ ហិកតា ។
– ឃុំឈូកខ្សាច់: ប៉ះពាល់ចំនួន ៦០ ហិកតា ស្រូវស្រាលបង្កើនរដូវ ២០ ហិកតា និងស្រូវធ្ងន់ ៤០ហិកតា ។
– ឃុំត្នោតជុំ: ប៉ះពាល់ចំនួន ៧០១ ហិកតា ស្រូវស្រាលបង្កើនរដូវចំនួន ៣៨៦ ហិកតា និងស្រូវធ្ងន់ចំនួន ៣១៥ ហិកតា ។
បើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតនោះទេផលប៉ះពាល់និងខូចខាតនឹងអាចតិចតួចជាងនេះ ព្រោះថាទឹកបានហូរស្រកទៅតាមប្រព័ន្ធប្រឡាយទឹកជាបណ្តើៗហើយនោះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស ៕
ប្រភព ៖ (ទទក)