ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការ កាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃអង្គារទី០១ ខែសីហាម្សិលមិញនេះ បានចុះធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៤នាក់ ត្រង់ចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
របាយការណ៍ដដែលបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសងខាងលើចំនួន ០៤នាក់ ១-ឈ្មោះ ផឹង លីថាវ៉ន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ។ ២-ឈ្មោះ ឡាច វុត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ។ ៣-ឈ្មោះ ភិ វ៉ិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ។ ៤-ឈ្មោះ ហ៊ុល សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ។
វត្ថុតាងដកហូតរួមមាន ៖
-សន្លឹកបៀរចំនួន ០២ហ៊ូ
-ក្រណាត់ក្រាលសម្រាប់ក្រាលលេងល្បែង ០១
-ប្រាក់ខ្មែរចំនួន ១,២០០០រៀល ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកលេងបៀរ៥២សន្លឹកខុសច្បាប់ខាងលើ ឱ្យបញ្ឈប់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ រួចអនុញ្ញាតឱ្យក្រុមគ្រួសារមកធានាត្រឡប់ទៅសហគមន៍វិញ ៕
ដោយ៖អារុណរះ