ព័ត៌មានទាន់ហេតុការណ៍៖

ការគ្រប់គ្រងធនធានធម្មជាតិបានល្អ ផ្តល់ឱកាសដល់សហគមន៍បង្កើនសេដ្ឋកិច្ចគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ការរកផ្សិតនៅតាមព្រៃបង្កើនចំណូលបន្ថែម ដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ តាមរយៈនេះ រហូតមកដល់ខែសីហា ទៅហើយ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។ នៅក្នុងកំឡុងរដូវវស្សា ផ្សិតព្រៃបានក្លាយជាប្រភពអាហារបន្ថែមយ៉ាងសំខាន់ដែលប្រជាជននៅតាមមូលដ្ឋាននៃតំបន់ការបារធម្មជាតិ សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោក ផ្សិតទន្សោង នៅតាមព្រៃរបោះ យកមកធ្វើជាអាហារ និងសល់អាចលក់ដូរថែមទៀត។ 

ប្រជាសហគមន៍នៅភូមិអណ្តូងទឹក សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ដែលបានមករកផ្សិត បានឲ្យដឹងថា ផ្សិតក្ងោក ដែលបានដុះក្នុងព្រៃ មានរសជាតិឆ្ងាញ់ណាស់ នៅពេលគេយកទៅធ្វើម្ហូប ដូចជា យកទៅឆា និងស្ងោរជាដើម។ ប្រជាពលរដ្ឋ អាចរកផ្សិតផ្សេងៗ ថែមទៀត ដែលក្នុងនោះរកបានផ្សិតក្ងោក សម្រាប់ទុកបរិភោគ និងអាចលក់ទៅទីផ្សារ ក្នុង១គីឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១៤,០០០រៀល។ ប្រជាពលរដ្ឋម្នាក់អាចរកដកផ្សិតបានពី ៣ទៅ៥គីឡូក្រាម ក្នុងរយៈពេលតែ២ទៅ៣ម៉ោងក្នុង១ថ្ងៃប៉ុណ្ណោះ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សា ជាពិសេស ចន្លោះពេលរាំងភ្លៀង និងពេលធ្លាក់ភ្លៀងម្តងៗ តំបន់ការពារធម្មជាតិ បានផ្តល់សម្រស់ ស្រស់ស្អាត និងការដុះលូតលាស់បន្លែព្រៃផ្សេងៗ ជាច្រើនប្រភេទ ក្នុងនោះមានផ្សិតក្ងោកនេះផងដែរ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមករកដកផ្សិតក្ងោក នៅតាមព្រៃរបោះ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។ 

នៅក្នុង ពេលអញ្ជើញចូលរួម ក្នុងយុទ្ធនាកា បានអះអាងថា ការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ បានល្អប្រសើរ បានជួយបង្កើនជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ ការពង្រីកវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដែលសម្បូរដោយព្រៃឈើ វាលស្មៅខៀវ ស្រងាត់ និងជីវចម្រុះសម្បូរបែប និងជាជម្រកព្រមជាមួយចំណីរបស់សត្វព្រៃ និងមច្ឆជាតិ  ពិសេសប្រភេទឈើប្រណីត និងប្រភេទសត្វកម្រដែលងាយរងគ្រោះ និងជិតផុតពូជតែម្ដង ៕

ដោយ៖ សហការី


ចែករំលែក៖